កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីផលប្រយោជន៍រួម និងតំបន់
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងថែមទៀត។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ និងរិះរកយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើតផលប្រយោជន៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម Shaharuddin Bin Onn ក៏បានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបន្តជំរុញចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត ជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានិងរដ្ឋសភា។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃសហគមន៍អាស៊ានទាំងមូលផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម Shaharuddin Bin Onn ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជាតិទាំងសងខាង។






