បង្រ្កាបក្មេងទំនើង២ករណី ដែលដេញកាប់ និងវាយគ្នា នៅស្រុកមេមត់ និងស្រុកអូររាំងឪ ដោយឃាត់ខ្លួនក្មេងទំនើង១០នាក់
(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នគរបាលបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា បង្កដោយក្មេងទំនើង។
ក្រុមក្មេងទំនើងដែលឃាត់ខ្លួនសរុបចំនួន១០នាក់៖
១៖ ស្រុកមេមត់ ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) បង្កដោយក្មេងទំនើងមានគ្នាចំនួន២ក្រុម មានទំនាស់ឈ្លោះប្រកែកគ្នាក្នុងវង់រាំ ហើយបបួលគ្នាវាយគ្នានៅខាងក្រៅ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនបានចំនួន០៨នាក់ និងបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។
២៖ ស្រុកអូររាំងឪ ករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា បង្កដោយក្មេងទំនើង មានគ្នាចំនួន០៥នាក់ (ធ្វើសកម្មភាពយកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយទៅលើម៉ូតូជនរងគ្រោះ) នៅចំណុចភូមិដំរិលទី១ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបានចំនួន០២នាក់ និងបក្ខពួកចំនួន០៣នាក់ទៀត កំពុងរត់គេចខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួកដែលបានគេចខ្លួនកម្លាំងជំនាញ បានបន្តតាមស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់សាធារណៈជន ដែលបានដឹងដំណឹងរឺស្គាល់ ពីទីកន្លែងលាក់ខ្លួន របស់ក្រុមក្មេងទំនើងទាំង២ករណីខាងលើ សូមចូលរួមរាយការណ៍ មកសមត្ថកិច្ច ដើម្បីមានវិធានការបោះសម្អាតក្រុមក្មេងទំនើងនេះ ឲ្យអស់ពីមូលដ្ឋានខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដាក់ចេញឲ្យអនុវត្ត៕






