ក្មេងទំនើង១០នាក់ និងម៉ូតូ១០គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស និងបង្ហោះម៉ូតូលើផ្លូវសាធារណៈ!

(ភ្នំពេញ)៖ នៅយប់ ថ្ងៃទី០៥ ឈានចូល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ នៅចំណុចផ្លូវបេតុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ១០នាក់ និងដកហូតម៉ូតូ ១០គ្រឿង បញ្ជូនទៅមូលដ្ឋានខណ្ឌដើម្បីចាត់ការបន្ត។
ក្រោមវិធានការជំនាញរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានរកឃើញថា ក្នុងចំណោម ក្មេងទំនើង ទាំង១០នាក់ និងម៉ូតូ១០គ្រឿង មាន ក្មេងទំនើង០៧នាក់ និងម៉ូតូ០៧គ្រឿង ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ត្រូវព្រមាន និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូបានដកហូតរក្សាទុកជាបណ្តោះអាសន្នរយៈពេល០១ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ដោយឡែកក្មេងទំនើង ០៣នាក់ ដែលពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ ត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការអប់រំណែនាំ ដាក់ពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម រីឯម៉ូតូចំនួន ០៣គ្រឿង ត្រូវរក្សាទុក្ខរយៈពេល ០៣ខែ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

You might also like