សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសម្លាប់ប្រពន្ធ ដោយសាររឿងទំនាស់ពាក្យសម្ដីនឹងគ្នា
(ស្វាយរៀង)៖ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងសម្លាប់ប្រពន្ធខ្លួនឯង ដោយសារទំនាស់ពាក្យសម្ដី។ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីឃាតកម្ម ដោយប្តីវាយប្រពន្ធខ្លួនឯងរហូតដល់ស្លាប់។
ក្រោយពីបានទទួលព័ត៌មានរួមមក និងទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចាត់តាំងដល់រូបលោកផ្ទាល់ជាអធិការ ដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ផេង សារ៉ុន ភេទប្រុស អាយុ ៦៣ឆ្នាំ ដែលបានយកដំបងឬស្សីវាយលើប្រពន្ធឈ្មោះ កង សាមឿន អាយុ ៦៨ឆ្នាំរហូតដល់ស្លាប់។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យ ពេលនោះជនសង្ស័យ បានកាន់ចបជីក និងជំពាមកៅស៊ូបាញ់ ព្រមទាំងមិនសហការជាមួយសមត្ថកិច្ច និងវាយតដៃមកលើសមត្ថកិច្ចផងដែរ។
លោកបានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឬស្សីវាយប្រពន្ធរហូតដល់ស្លាប់ពិតប្រាកដមែន។ មូលហេតុ មកពីជនសង្ស័យ និងជនរងគ្រោះ មានទំនាស់ពាក្យសម្តីនឹងគ្នា។
ចំពោះសាកសព សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងសន្និដ្ឋាន ឃើញថា មានស្នាមរបួសចំក្បាល ស្នាមវាយនិងដំបង បណ្តាលឲ្យផុងប្រេះលលាក្បាល។
សមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖ចបជីក ១, ដំបងដើមឬស្សី ១, ជំពាមកៅស៊ូ ១, គ្រាប់ថ្មគ្រួស ៤គ្រាប់ និងគ្រាប់ខ្លីដី ២គ្រាប់។
សមត្ថភាពជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកឯសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕






