UN បញ្ជាក់ថាប្រេសិតរបស់ខ្លួនកំពុងស្ថិតនៅអ៊ីរ៉ង់ ដើម្បីជួយគាំទ្រដល់ការបញ្ចប់សង្គ្រាមប្រកបដោយ «ចីរភាព»
(វ៉ាស៊ីនតោន)៖ អង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធ បានឱ្យដឹងថា ប្រេសិតផ្ទាល់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានធ្វើដំណើរទៅដល់ប្រទេសអ៊ីរ៉ង់ហើយ ដែលនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ ក្នុងគោលបំណងគាំទ្រដល់ «ដំណោះស្រាយដ៏ទូលំទូលាយ និងប្រកបដោយចីរភាព» សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្សង់ អាណុល (Jean Arnault) នឹងស្តាប់ទស្សនៈរបស់ភាគីអ៊ីរ៉ង់អំពី «ដំណើរឆ្ពោះទៅមុខ» ព្រមទាំងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោក ហ្គូតឺរ៉េស ក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី។ បន្ថែមពីនេះ លោក អាណុល ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យ «ជ្រើសរើសផ្លូវនៃដំណោះស្រាយដោយសន្តិវិធី និងចូលរួមការពារជនស៊ីវិល» ផងដែរ។
គួរបញ្ជាក់ថា អ្នកការទូតជើងចាស់របស់អង្គការសហប្រជាជាតិរូបនេះ ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោក ហ្គូតឺរ៉េស ទទួលបន្ទុកលើបញ្ហាជម្លោះនេះ កាលពីខែមុន។ លោកបានចាកចេញទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទកន្លងទៅ ប៉ុន្តែអង្គការសហប្រជាជាតិមិនបានបញ្ជាក់លម្អិតអំពីគោលដៅចំណតទស្សនកិច្ចទាំងអស់របស់លោកនោះឡើយ៕






