កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យកាប់ប្លន់ម៉ូតូចំនួន១១នាក់ ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

នៅវេលាម៉ោង០១និង៥០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) មិនបានសម្រេច នៅចំណុចបណ្តោយផ្លូវជាតិលេខ៥៨ មុខវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន១១នាក់ និងម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់ជនរងគ្រោះឈ្មោះ ភឹម សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលកំពុងដំណើរមានគ្នាចំនួន០៣នាក់(ប្រពន្ធកូន) ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ គ្មានផ្លាកលេខ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងនោះរួមមាន ១.ឈ្មោះ វ៉ាន់ រតនា ហៅក្រៅ ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ វណ្ណៈ ណាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងបានដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ គ្មានផ្លាកលេខ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយកម្លាំងជំនាញធ្វើការសួរនាំជនសង្ស័យខាងលើរួច នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងបានបន្តស្រាវជ្រាវស្វែងរកបក្ខពួកជនសង្ស័យ និងបានឃាត់ខ្លួនជាបន្តបន្ទាប់៩នាក់បន្ថែមទៀត ១-ឈ្មោះ សូ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ,២-ឈ្មោះ ផៃ សំណាង ហៅ តឹង ភេទប្រុស អាយុ១៦ឆ្នាំ,៣-ឈ្មោះ មឿន បញ្ញា ហៅ ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ,៤-ឈ្មោះ ម៉ៃ សារ៉ាមី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ, ៥-ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ,៦-ឈ្មោះ ឃីម ចាន់ធា ហៅ ម៉ូស ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ, ៧-ឈ្មោះ ខុម លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ៨-ឈ្មោះ អន លាភ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ, ៩-ឈ្មោះ យឿត សៀវហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ព្រមទាំង ដកហូតវត្ថតាង ៖ ១.កាំបិតផ្គាក់ដងឈើប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម,
២.កាំបិតកែច្នៃដងឈើប្រវែង១១៥សង់ទីម៉ែត្រ ចំនួន០១ដើម, ម៉ូតូចំនួន០៣គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំនិងចំណាត់ការតាមនីតិវិធី។លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ជនរងគ្រោះតែមិនបានសម្រេចពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

You might also like