សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ការពិត៣ចំណុច អំពីព្រំដែនកម្ពុជា-ថៃ ដល់ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ការពិតចំនួន៣ចំណុច អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដល់លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស។ នេះបើតាមការបញ្ជាក់ពីលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស។
ការបញ្ជាក់បែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិលត្រឡប់មកកម្ពុជាវិញ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងជំនួបជាមួយលោក អេម៉ាញូអែល មាក្រុង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការពិត អំពីព្រំដែនកម្ពុជា-ថៃ ដោយមិនបំផ្លើសឱ្យហួសការពិត ហើយមិនបង្រួញឱ្យតូចជាងការពិតទេ ក្នុងនោះ សម្តេចលើកឡើង៣ចំណុចសំខាន់ៗ៖
ទី១៖ ភាពតាងតឹងកំពុងបន្ដគ្របដណ្តប់តាមព្រំដែន កម្ពុជា-ថៃ ដោយសារកងទ័ពថៃ បានចូលជ្រៅហួសព្រំដែនស្របច្បាប់ មកចូលក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្ដរជាតិ មិនទាំងប៉ុណ្ណោះកងទ័ពថៃ បានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា និងរារាំងពលរដ្ឋរាប់ម៉ឺននាក់ មិនឱ្យមានលទ្ធភាពទៅកាន់ផ្ទះវិញ។
ទី២៖ ដាច់ខាតកម្ពុជាមិនទទួលឡើយ នូវស្ថានភាពនូវការកែប្រែខ្សែបន្ទាត់ព្រំដែនខុសច្បាប់អន្តរជាតិ បានន័យថា ទោះបីជាថៃ បានឈ្លានពានយកទឹកដីកម្ពុជា ក៏ទឹកដីទាំងនោះ នៅតែជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។
និងទី៣៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបប្រធានាធិបតីបារាំងថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា។
សូមជម្រាបថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីបារាំង លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕






