NOCC នឹងចាក់បញ្ចាំងពិធីបើក-បិទ នៃមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរំលឹកខួប ៣ឆ្នាំនាខែឧសភាខាងមុខ
(ភ្នំពេញ)៖ ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏អស្ចារ្យ ក្នុងឱកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំចាក់បញ្ចាំងនូវពិធីបើក-បិទ នៃមហាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ នាខែឧសភាខាងមុខ ក្រោមគោលបំណងសំខាន់ៗចំនួន ៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ NOCC នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា «ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏អស្ចារ្យនេះ NOCC មានកិត្តិយស សូមគោរពជម្រាបជូន លោកយាយ លោកតា ពូមីង បងប្អូន ដែលបានចូលរួមសំដែង និងបម្រើការងារ រៀបចំពិធីបើក-បិទ និងបងប្អូនសាច់ញាតិអ្នកសំដែង ក៏ដូចកីឡាករ-កីឡាការិនី ដែលមិនបានទស្សនាផ្ទាល់ ឬប្រជាពលរដ្ឋ ដែលបានទស្សនាផ្ទាល់ហើយ ឬមិនបានទស្សនាផ្ទាល់នូវពិធីបើកដ៏អស្ចារ្យ សូមគោរពអញ្ជើញចូលរួមទស្សនាម្តងទៀត និងគាំទ្របន្តទៀត ដែលមានបញ្ចាំងនៅគ្រប់រោងភាពយន្ត Sabay Cinema, AEON Mall 3 Mean Chay វេលាម៉ោង ៦:៣០នាទីល្ងាច និង Legend Cinema Olympic Mall វេលាម៉ោង ២:៣០នាទី រសៀល»។
យោងតាមសេចក្ដីជូនដំណឹងខាងលើ បានឲ្យដឹងថា គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញគឺដើម្បី៖
១. រំលឹកជោគជ័យជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម(SEA Games) នៅកម្ពុជា
២. ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”
៣. ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១
៤. ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាម៉េរិក
៥. រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។
សម្រាប់កម្មវិធី នៅរោងភាពយន្ដ Sabay Cinema នឹងរៀបចំចាក់បញ្ចាំងសាកល្បឥតគិតថ្លៃ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ (ចំនួនមានកំណត់) ។ បន្ទាប់មកនឹងមានការចាក់បញ្ចាំងដោយបរិច្ចាគការឧបត្ថម្ភដល់ «Cambodia Olympic Team» ចំនួន ១២,០០០រៀល និង ២០,០០០រៀល ក្នុងសំបុត្រមួយ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ តាមរយៈនេះ NOCC នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីរំលឹកនូវអនុស្សាវរីយ៍ ក៏ដូចជាមហាជោគជ័យនៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងប្រវត្តិសាស្ដ្រនេះផង និងគាំទ្រដល់ក្រុមអត្តពលិកកម្ពុជា ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិអូឡាំពិកផង៕






