ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២។
ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដីនៃខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលមកជួបប្រជាពលរដ្ឋខេត្តតាកែវជាថ្មី ជាពិសេសបានមកបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវទឹកប្រវត្តិសាស្ត្រនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតភ្ជាប់រវាងខេត្តកណ្តាល តាកែវ កំពត និងកែបនោះទេ តែអាចភ្ជាប់ជាមួយខេត្តជាប់ទន្លេផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ សម្តេចបានរំលេចថា ឡាវ និងកម្ពុជា អាចភ្ជាប់ការដឹកជញ្ជូនតាមទន្លេ ហើយភ្ជាប់ទៅសមុទ្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការធ្វើឱ្យកម្ពុជាខ្លាំង ហើយយកលំនាំតាមមរតកគំនិតពាណិជ្ជកម្មរបស់ដូនតាខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនឹងការប្រឹងប្រែងដើរទៅមុខ កម្ពុជា ក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាអធិបតេយ្យជាតិ សេដ្ឋកិច្ច តម្លៃប្រេងឡើងថ្លៃព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពកម្ពុជា និងពិភពលោក ក្នុងពេលរាតត្បាតជំងឺកូវីដ១៩ កាលពី៥ឆ្នាំមុន គឺមានការលំបាកខ្លាំងជាស្ថានភាពពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនាពេលនោះ បើទោះបីជាមានការលំបាកខ្លាំងយ៉ាងណាក្តី តែរាជរដ្ឋាភិបាលមិនដេកដួល ឬចុះចាញ់នឹងបញ្ហានោះឡើយ ហើយប្រឹងប្រែកដាក់ចេញផែនការនានា ដើម្បីដោះស្រាយបញ្ហា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩នោះ ក៏ជាមានការចូលរួមយ៉ាងធំរបស់ប្រជាពលរដ្ឋ ជាពិសេសការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារ ព្រោះការបន្ថយអាករពិសេស និងពន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការកើនឡើងថ្លៃប្រេង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនមែននៅតែពេលសប្បាយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងលាបថ្នាំសក់ នៅពេលដោះស្រាយបញ្ហាអធិបតេយ្យជាតិចប់សព្វគ្រប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋចូលរួមសន្សំសំចៃការប្រើប្រាស់ភ្លើង និងប្រេងឥន្ធនៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនជាប់គាំងនោះទេ បន្តដំណើរការទៅតាមផែនការ។ ព្រែកជីកនឹងមានគុណតម្លៃធំធេងសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបោះបង់ឡើយការធ្វើស្រែទ្រទ្រង់ស្បៀង។ ប្រសាសន៍នេះ គឺតបទៅនឹងអ្នកចំអកលើប្រសាសន៍សម្តេចថ្លែងនៅស្វាយរៀងថា «ដាំរោងចក្រ លែងដាំស្រូវ»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ, តាមរយៈការតភ្ជាប់ទន្លេមេ ជាមួយដៃទន្លេ, បឹង, ស្ទឹង, ព្រែក និង ប្រឡាយ, ឆ្ពោះទៅកាន់សមុទ្រ ដើម្បីផ្សារភ្ជាប់ទីក្រុង, ទីជនបទ និងតំបន់តាមដងទន្លេ ស្ទឹង ព្រែក ជាមួយតំបន់ផលិតកម្ម, កសិកម្ម និងទេសចរណ៍។ ទន្ទឹមនេះ ត្រូវបន្តពង្រីកការតភ្ជាប់នៃបណ្តាញដឹកជញ្ចូនផ្លូវទឹក ជាមួយបណ្តាញដឹកជញ្ជូនពហុមធ្យោបាយផ្សេងទៀត ដើម្បីកាត់បន្ថយចម្ងាយ, ពេល ថ្លៃដឹកជញ្ជូន និងឧបសគ្គនានា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងគុណភាព, សមត្ថភាព និងសក្តានុពល នៃវិស័យដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មដឹកជញ្ចូនផ្លូវទឹក និងកំពង់ផែពិតប្រាកដ, ព្រមទាំងត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញឱ្យការដឹកជញ្ជូនធុនធ្ងន់ ផ្លាស់ប្តូរពីផ្លូវថ្នល់មកផ្លូវទឹក ឬ ផ្លូវដែក ដើម្បី, ម៉្យាងកាត់បន្ថយការខូចខាតផ្លូវថ្នល់, ការកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, និង ម៉្យាងទៀត កាត់បន្ថយថ្លៃដឹកជញ្ជូន និង ការបំភាយឧស្ម័នផ្ទះកញ្ចក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តជំរុញការកែទម្រង់ស្ថាប័ន និងការកសាងមូលធានមនុស្ស ក្នុងវិស័យដឹក-ជញ្ជូនផ្លូវទឹក និងកំពង់ផែ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាពិសេស ត្រូវសិក្សាអំពីតម្រូវការធនធានមនុស្សសម្រាប់ការងារសិក្សាស្រាវជ្រាវក្នុងវិស័យដឹកជញ្ចូនផ្លូវទឹក និងកំពង់ផែ, ទាំងបរិមាណ និង គុណភាព, ដោយផ្អែកលើទំហំការងារជាក់ស្ដែង, ការកំណត់តួនាទីភារកិច្ច, ការពិពណ៌នាការងារ, ការវាយតម្លៃលទ្ធផលការងារ, ការរៀបចំគោលនយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្តការងារជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់វីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋជាជនភៀសសឹក ដែលបាត់បង់ផ្ទះសម្បែង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោលនោះឡើយ ហើយបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់មានការសាងសង់ផ្ទះសម្រាប់ស្នាក់នៅបណ្តោះអាសន្នជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះបណ្តោះអាសន្នសម្រាប់ជនភៀសសឹកមិនដូចផ្ទះដើមរបស់ពួកគាត់ តែជួយឱ្យការរស់នៅបានប្រសើរជាងការរស់នៅក្នុងតង់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីសង់ផ្ទះឱ្យប្រជាពលរដ្ឋនៅបណ្តោះអាសន្ន តែកម្ពុជាមិនបោះបង់ការទាមទារដីនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យន្តការការទូតបើនៅមានសង្ឃឹមត្រឹម១ភាគរយ ក៏សម្តេចនៅតែប្រឹងប្រែងប្រើប្រាស់យន្តការការទូតក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រោះមិនចង់ឱ្យមានការបង្ហូរឈាមទៀតនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្រើសអាទិភាពរបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន គឺការប្រើប្រាស់ច្បាប់ ដោយសន្តិវិធី ដោយប្រើយន្តការទ្វេភាគី អាស៊ាន និងអន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកទ្វេភាគីជាមួយថៃ នៅតែជាជម្រើសមួយ សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ គឺអន្តរជាតិបានចូលរួមតាំងពីរពេលមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ដែលមានការចូលរួមពីអាមេរិក និងចិន។ បន្ថែមពីលើនោះ ការចូលរួមរបស់អ្នកសង្កេតការណ៍អាស៊ាន គឺបញ្ហាមិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកទ្វេភាគី ជាយន្តការមួយដែលលឿនក្នុងការដោះស្រាយបញ្ហា។ សម្តេចបានបន្ថែមថា សង្គ្រាមយូរប៉ុណ្ណា ក៏នៅតែវិលមករកការចរចាជាមួយគ្នា ដូចជាករណីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនរំលោភបំពានលើអធិបតេយ្យប្រទេសណាមួយនោះឡើយ ហើយកម្ពុជា ក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យរបស់កម្ពុជានោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពថៃ មិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះទេ។ ចំណុចនេះ គឺស្របគ្នានឹងរាជរដ្ឋាភិបាល ហើយក៏ជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រាជរដ្ឋាភិបាលនឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបានស្នើបារាំង ឱ្យកាន់ជើងកម្ពុជានោះឡើយ គឺស្នើសុំឱ្យផ្តល់នូវយុត្តិធម៌ និងស្របទៅតាមច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទាំងឡាយដែលយាយីកម្ពុជា បូករួមទាំងបញ្ហាព្រំដែនជាមួយថៃ គឺក្រើនរំលឹកកម្ពុជាឱ្យពង្រឹងខ្លួនជាប់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលបញ្ហាធ្លាក់មកដល់ ទើបយើងភ្ញាក់ក្នុងការពង្រឹងខ្លួន បូករួមទាំងការធ្វើកំណែទម្រង់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១១៖៣៥នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦






