ទេសរដ្ឋមន្រ្តី គន់ គីម ៖ ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល
(ព្រំដែន)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។
ក្នុងឱកាសចូលឆ្នាំនេះដែរ ទេសរដ្ឋមន្រ្តី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។
ជាក់ស្តែងរយៈពេល៣ថ្ងៃចូលឆ្នាំនេះ ទេសរដ្ឋមន្រ្តី បានចុះជួបប្រជាពលរដ្ឋហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់ និងរៀបចំការជញ្ជូនទឹកទៅតាមខ្នងផ្ទះសម្រាប់ជាតម្រូវការប្រើប្រាស់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។
ទេសរដ្ឋមន្រ្តី ថ្លែងថា ទោះក្នុងស្ថានភាពជីវភាពមិនដូចមុនក្តី ប៉ុន្តែភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងរយៈពេល៣ថ្ងៃនេះ បានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជាប់ជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្ត។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្រ្តី បានសំណូមពរឲ្យមានការយោគយល់ដល់អាជ្ញាធរ និងក្រុមការងារចំពោះកង្វះខាតលើការអនុវត្តការងារមួយចំនួន។
ក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមការងារនឹងពន្លឿនសកម្មភាពការងាររបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបចំពោះតម្រូវការទាំងឡាយបម្រើដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕






