៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៩០ម៉ឺននាក់ កើនឡើងជាង ២០%
(ត្បូងឃ្មុំ)៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសង្ក្រាន្តទូទាំងខេត្ត។
បើយោងតាមរបាយការណ៍ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឱ្យដឹងថា រយៈពេល៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២៦នេះ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវសរុបចំនួន ៨៦៣,៣៣១នាក់ ក្នុងនោះប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ៨៦៣,១៨៧ នាក់ ទេសចរជាតិ (ស្នាក់នៅ) ១២១នាក់ ទេសចរបរទេស២៣នាក់។ តាមរយៈតួលេខនេះ បង្ហាញថាចំនួនភ្ញៀវទេសចរ មានការកើនឡើង ២០.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ (ដែលមានចំនួន ៧១៦,០៥៥ នាក់)។
ក្រោមការរៀបចំយ៉ាងសម្រិតសម្រាំងពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ឡុង ធាម ប្រធានក្រុុមប្រឹក្សាខេត្ត ដែលបានបង្កើតកម្មវិធីកម្សាន្តជាច្រើន។ ក្នុងនោះមានការលេងល្បែងប្រជាប្រិយខ្មែរ, ការរាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ, ការតាំងពិព័រណ៍ស្ដង់ផលិតផល «ភូមិមួយផលិតផលមួយ» ការប្រគុំតន្ត្រីសម័យអមដោយការតុបតែងភ្លើងលម្អយ៉ាងប្រណីត, ការបង្ហាញទឹករាំពត់ពេនតាមចង្វាក់ភ្លេង អមជាមួយភ្លើងចម្រុះពណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត។
ជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២៦នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងខេត្ត និងការរៀបចំដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរដែនដី ដែលធ្វើឱ្យខេត្តត្បូងឃ្មុំ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងឱកាសបុណ្យប្រពៃណីជាតិ៕






