ចប់ការប្រគំតន្ត្រី Sandara នៅបន្តដើរទស្សនាប្រាសាទអង្គរវត្តយ៉ាងរីករាយ ( ស្រឡាញ់កម្ពុជា ពេញបេះដូង)
អ្នកគាំទ្រតារា K-Pop ជាពិសេស សមាជិកនៃអតីតក្រុមចម្រៀង 2NE1 ច្បាស់ជាបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ នៃវត្តមានមកកាន់ប្រទេសកម្ពុជាជាលើកទី ២ របស់កំពូលរាជិនីសម្រស់ Sandara Park។ ការមកកាន់ប្រទេសកម្ពុជាជាលើកទី ២ នេះ Sandara ត្រូវបានអញ្ជើញមកច្រៀងក្នុងការប្រគំតន្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។
ក្រោយបញ្ចប់ការប្រគំតន្ត្រីកាលពីរាត្រីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ហើយនោះ កំពូលតារាចម្រៀង K-Pop រូបនេះ បាន និង កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង ខណៈ Sandara មិនទាន់វិលត្រឡប់ទៅកាន់ប្រទេសកូរ៉េវិញភ្លាមៗនោះឡើយ។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ នេះ Sandara បានធ្វើដំណើរទៅទស្សនកិច្ចនៅឯប្រាសាទអង្គរវត្ត ពោរពេញដោយស្នាមញញឹមជាមួយនឹងក្រុមការងារ បើទោះជាអាកាសធាតុក្តៅយ៉ាងណាក្តី។
គួរជម្រាបថា នេះជាលើកទី ២ ហើយ នៃការមកដល់ប្រទេសកម្ពុជារបស់ Sandara ដែលកំពូលតារាចម្រៀង K-Pop ដោយលើកទី ១ គឺនាងបានមកសម្តែងការប្រគំតន្ត្រីរួមគ្នាជាមួយនឹងសមាជិកក្រុមទាំងអស់របស់ 2NE1 នៅទីក្រុងភ្នំពេញ។
អំឡុងពេលមកកាន់ប្រទេសកម្ពុជា ជាលើកទី ១ នោះដែរ Sandara ក៏បានឆ្លៀតពេលធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍មួយចំនួននៅក្នុងទីក្រុងភ្នំពេញដូចគ្នា៕






