បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ត្រួតពិនិត្យ និងពង្រឹងវិធានការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយកងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅតំបន់អូសោម បានទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងមន្ត្រីឧទ្យានុរៈបរិស្ថានខេត្តកំពង់ធំ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានយ៉ាងល្អប្រសើរ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ ។ ហើយផ្ទៃដីព្រៃឈើ ដែលជនល្មេីសបានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ត្រូវបានរឹបអូសនិងដកហូតមកធ្វើជាសម្បត្តិរដ្ឋឡើងវិញ ដែលបច្ចុប្បន្ននេះ ដីទាំងនោះបានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញ បានយ៉ាងឆាប់រហ័ស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងក្នងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងកងកម្លាំងចម្រុះទាំងអស់ ដែលមានភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវអនុវត្តន៍យ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជានានារបស់ថ្នាក់ដឹកនាំគ្របលំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារធនធានធម្មជាតិរបស់យើង ឱ្យនៅគង់វង់ជារៀងរហូតសម្រាប់ជាកេរដំណែលដល់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។ ជាមួយនោះដែរ ត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងមុឺងម៉ាត់ ក្នុងការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការកាប់បំផ្លាញព្រៃឡង់ ដែលជាដែនជម្រកសត្វព្រៃ និងជាតំបន់ដែលត្រូវអភិរក្សឲ្យបានជាដាច់ខាត ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ៕

You might also like