ACU ឃាត់ខ្លួនផ្កាយបី ម្នាក់ , ផ្កាយពីរ ម្នាក់ និងស្ត្រីម្នាក់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយបី) ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ និងស្ត្រីម្នាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី ២១ខែមេសានេះថា គាត់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍មែន គាត់នៅជួយការងារនាយកដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា “ខ្ញុំក្តាប់អត់បានទេ ដឹងព័ត៌មានថាខាង ACU ឃាត់ ខ្ញុំអត់ដឹងថារឿងអី ពាក់ព័ន្ធអី ឃាត់តាំងពីថ្ងៃអាទិត្យ”។
ចំណែកលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ចំពោះព័ត៌មាននេះនៅមិនទាន់អាចជម្រាបបាននៅឡើយទេ។






