ឃាត់ខ្លួនបុរសកាន់អាយឌី (ID) ០១នាក់ យកមកអប់រំ! ក្រោយដើរថតស្លាកលេខម៉ូតូពលរដ្ឋធ្វើឱ្យមានការសង្ស័យ, ខណៈ០១នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវរក!!
ភ្នំពេញ÷ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងនាំខ្លួនបុរសម្នាក់មកធ្វើការអប់រំ ក្រោយពីមានសកម្មភាពមិនប្រក្រតី ដើរថតស្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋទាំងយប់ដោយគ្មានមូលហេតុ! ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះថា បុរស០១នាក់ ដែលកាន់វិទ្យុទាក់ទង ក្នុងចំណោមបក្ខពួក០២នាក់ ស្លៀកស៊ីវិល ធ្វើសកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋ ដោយគ្មានមូលហេតុ កាលពីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២២:០០នាទី នៅចំណុចផ្លូវតាកន ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាំយកមកសួរនាំ និងព្រមទាំងដកហូតវិទ្យុទាក់ទង០១គ្រឿង យកមករក្សាទុក ។
សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដើរថតផ្លាកលេខម៉ូតូ បងប្អូនប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅ ! ហើយសកម្មភាពបែបនេះ បង្កឲ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈផងដែរ ។
ដោយធ្វើនៅចំពោះបុរសខាងលើដែលនេះមាន ឈ្មោះ ហេង ទន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកបក្ខពួក ០១នាក់ទៀត ត្រូវបាន សមត្ថកិច្ចកំពុងបន្តស្វែងរក ដើម្បីនាំយកមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ! ៕






