ជំនួបជាមួយមន្ដ្រីជាន់ខ្ពស់ CDC, ក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន សន្យាថានឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។
សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះ គឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត ដែលលោក លី លីងសិន បានដឹកនាំគណៈប្រតិភូសមាគម មកជួបពិភាក្សាការងារនាពេលនេះ។
បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន, លោកអគ្គលេខាធិការ ក៏បានលើកទ្បើងពីការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគ ដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។
បន្ថែមលើនេះ លោកអគ្គលេខាធិការ ក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យ នៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។
ទន្ទឹមនេះ លោកអគ្គលេខាធិការ បានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។
លោក លី លីងសិន បានគោរពថ្លែងអំណរគុណជូនចំពោះ លោកអគ្គលេខាធិការដែលបានចំណាយពេលវេលា ទទួលជួបគណៈប្រតិភូនាពេល។
លោកបានជម្រាបជូន លោកអគ្គលេខាធិការពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្ន បាននិងកំពុងតែធ្វើការសិក្សាស្វែងរក កាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។
លោកបានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថាន ដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ នៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហានេះ។
មុននឹងបញ្ចប់ លោកក៏បានសន្យាថា នឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេសឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕






