រូបសំណាកនាគព័ន្ធ នៅខេត្តកំពង់ចាម ធ្វើពីស្ពាន់សុទ្ធ ទម្ងន់ ៩តោន កម្ពស់ ១០ម៉ែត្រ បានរៀបចំក្រុងពាលីដំឡើង

(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីបញ្ចុះបឋមសិលា ក្រុងពាលីដំឡើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បាននិមន្តព្រះសង្ឃសូត្រមន្ត ទៅតាមកិច្ចសាសនា ដើម្បីឧទ្ទិសបួងសួងសុំដល់ម្ចាស់ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ផងដែរ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៩តោន កម្ពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ គុណ ១៧ម៉ែត្រ៕

You might also like