កីឡាករកម្ពុជា សៅ សុភារ៉ា ផ្ដួលកីឡាករថៃ ឱ្យសែងចេញពីទីលាន ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី

(ភ្នំពេញ)៖ កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា សៅ សុភារ៉ា ផ្ដួលកីឡាករ Soonthorn Sarin របស់ថៃឱ្យបោះបង់ការប្រកួត ដោយរបួសស្មារហូតត្រូវសែងចេញពីទីលាន នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុង Sanya ប្រទេសចិន។
នេះគឺជាការប្រកួតដំបូងលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៩គីឡូក្រាមរបស់កីឡាករ សៅ សុភារ៉ា ជាមួយការធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករថៃ ជាមួយពិន្ទុ ៥០-០។ ជ័យជម្នះនេះនាំឱ្យ សុភារ៉ា ឡើងទៅវគ្គ ១៦នាក់ចុងក្រោយ និងត្រូវជួបកីឡាករកូរ៉េខាងត្បូង LEE Jaeyoung ហើយជាលទ្ធផលគួរឱ្យស្ដាយបានចាញ់កីឡាករកូរ៉េ មិនអាចឡើងទៅវគ្គបន្ដបានឡើយ។
គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡាប៉ុណ្ណោះ ចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបខាងលើ រួមមានកីឡាជឺជីតស៊ូ ចំបាប់ ទ្រីយ៉ាត្លុង និងបាល់ទាត់លើតុ។ បច្ចុប្បន្នកម្ពុជា បានឈ្នះមេដាយប្រាក់ ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន កាលពីម្សិលមិញ៕

You might also like