អនុប្រធានទី១ អាជ្ញាធរមីន និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តនូវ “គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥” ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានោះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដល់កិច្ចការបោសសម្អាតមីន និងការគិតគូរជួយដល់ជនរងគ្រោះថ្នាក់និងការស្តារកាយសម្បទា នៅប្រទេសកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តម Derek Yip បានបញ្ជាក់ពីការផ្តល់ជំនួយជាថវិកាចំនួន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែនរងផលប៉ះពាល់ ដោយសារសង្រ្គាមកម្ពុជា-ថៃ នាពេលកន្លងមក។
តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ យូរអង្វែង និងរឹងមាំ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជា រយៈពេលជាង៣០ឆ្នាំ មកនេះ ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានជួយគាំទ្រដល់ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រួមទាំងថ្មីៗនេះ បានជួយគាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្រ្គាមកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងគាំទ្រដល់សហគមន៍រងគ្រោះនៅតាមព្រំដែន ផងដែរ។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ។

You might also like