សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុប១១៩៣នាក់។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា ទាំង ឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ក្រោយទទួលបានការគាំទ្រក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយពីរសំខាន់ គឺសភាការទូត និងការធ្វើគណនេយ្យភាពរវាងអង្គបោះឆ្នោត ជាមួយសមាជិកព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ បានបន្ថែមថា ដំណើររបស់សម្ដេចតេជោ ចុះតាមខេត្តជួបជាមួយសមាជិកក្រុមប្រឹក្សា គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញារបស់សម្ដេចតេជោ គឺធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត។ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ ដូច្នេះដំណើររបស់សម្តេចតេជោ ចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ គឺធ្វើយ៉ាងណាឱ្យអង្គបោះឆ្នោតមានភាពជិតស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា។
បើតាមលោក ជា ធីរិទ្ធ ក្រៅតែពីការបង្កើនភាពសិទ្ធស្នាលជាមួយអង្គបោះឆ្នោតរបស់ព្រឹទ្ធសភាហើយនោះ ដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបមន្ត្រីក្រុមប្រឹក្សារនាពេលនេះ ក៏ជាការឱកាសក្រើនរំលឹក និងជំរុញបន្ថែមទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និងកាន់តែល្អក្នុងការផ្ដល់សេវានានា។
«នៅពេលសម្តេចលោកជួប លោកនឹងមានការណែនាំ និងដាក់ចេញនូវគោលការណ៍ ក៏ដូចជាផែនការមួយចំនួន ក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន និងការដោះស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។
លោក ជា ធីរិទ្ធ ក៏បានរំលឹកផងដែរនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ។ លោក ធីរិទ្ធ បានរំលឹកថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ តែងតែជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំង៦២រូប បន្តចុះទៅមូលដ្ឋានជួបជាមួយអង្គបោះឆ្នោតបានសកម្ម មិនអាចឱ្យសមាជិកព្រឹទ្ធសភាអង្គុយធ្វើការនៅភ្នំពេញ នៅការិយាល័យចាំបើកតែប្រាក់ខែនោះទេ គឺត្រូវធ្វើការនៅមូលដ្ឋានចុះជាមួយអង្គបោះឆ្នោត ជួបជាមួយពលរដ្ឋ ដែលជាការងារសំខាន់។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តកំពង់ចាម គឺជាខេត្តប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងទន្លេមេគង្គ ដែលមានផ្ទៃក្រឡា ៤.៥៤៨,០៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ១.០៦២.៩១៤នាក់ គិតត្រឹមឆ្នាំ២០២៤។ ខេត្តនេះសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ សំណង់បុរាណ និងធនធានធម្មជាតិដ៏ស្រស់ស្អាត ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ ដូចជាប្រាសាទនគរបាជ័យ ភ្នំប្រុស ភ្នំស្រី និងឆ្នេរខ្សាច់កោះប៉ែនជាដើម។ បច្ចុប្បន្នខេត្តកំពង់ចាម មានរដ្ឋបាលបែងចែកជា ១ក្រុង ៩ស្រុក ១០៥ឃុំ ៤សង្កាត់ និង ៩៤៧ភូមិ ហើយមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង កណ្ដាល ព្រៃវែង កំពង់ធំ និងក្រចេះ។

You might also like