ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់

ការទន្រ្ទានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានក្រសួងបរិស្ថានចុះពិនិត្យនិងចាត់វិធានការច្បាប់ បន្ទាប់ពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្ត កោះកុង ដើម្បី ៖
១. បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងទៅនឹងការកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ដល់ប្រជាពលរដ្ឋដែលចូលមកកាន់កាប់ដីខុសច្បាប់ ហើយតម្រូវឱ្យពួកគាត់រុះរើនិងចាកចេញជាបន្ទាន់ពីចំណុចជ្រោះដំណាក់ក្បូននៃឧទ្យានជាតិជួរភ្នំក្រវាញ
២. ត្រូវអនុវត្តច្បាប់ ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងតំណាងអង្គការដៃគូ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានរកឃើញការកាន់កាប់ដីខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូនក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់សំណង់អនាធិបតេយ្យដោយខុសច្បាប់ក្នុងតំបន់ការពាធម្មជាតិ មានខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹកប្រមាណជា១០០កន្លែង។ ការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ ជាអំពើល្មើសនឹងមាត្រា៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

You might also like