កម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scames នៅទីតាំងខុនដូរបោលី អគារប៉ោលី ខណ្ឌ៧មករា ឃាត់ខ្លួនជនបរទេស ៤០នាក់ និងដកហូតវត្ថុតាងជាច្រើន
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងខុនដូរបោលី អគារប៉ោលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនបរទេសចំនួន ៤០នាក់ ព្រមទាំងដកហូតបានសម្ភារៈ និងវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមការងារចម្រុះនេះដឹកនាំដោយលោក ហ៊ុន សុរិទ្ធី, លោក ហួត ហៃ និងលោក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការក្រុមការងារចម្រុះបានបង្ក្រាបជាក់ស្តែងរកឃើញមនុស្សសរុប ៤០នាក់ និងសម្ភារវត្ថុតាងមួយចំនួនធំដូចខាងក្រោម៖
ទី១៖ ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញជនបរទេសចំនួន ២២នាក់ មាន០២សញ្ជាតិ ក្នុងនោះជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់)។
សម្ភារៈ និងវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន ៥២៨គ្រឿង, កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន ៣៥គ្រឿង, ធុង CPU ចំនួន ៣០គ្រឿង, អេក្រង់ (MONITOR) ចំនួន ៣៥គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២គ្រឿង។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈ និងវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាទីតាំងខាងលើជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ។
ទី២៖ ជាប់ពាក់ព័ន្ធករណី ឆបោក Online Scams រកឃើញជនជាតិបង់ក្លាដេស ចំនួន ១២នាក់ (ប្រុស) សម្ភារៈ និងវត្ថុតាងដែលបានដកហូតរួមមាន៖ ទូរស័ព្ទដៃ ចំនួន ០២គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០៥គ្រឿង។ យោងតាមការធ្វើកោសល្យវិច្ច័យ សន្និដ្ឋានបានថាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ។
និងទី៣៖ ជាប់ពាក់ព័ន្ធករណីជនបរទេសគ្មានលិខិតឆ្លងដែន ចំនួន ០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមានជនជាតិថៃ ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា ០១ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់៕






