រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៖ រាជរដ្ឋាភិបាលចំណាយថវិកា ៣៥លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីការជួយជ្រោមជ្រែងលើវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាលថា៖ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីប្រើធ្យូងថ្ម និងប្រេង ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ ជួយទប់លំនឹងការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច និងជីវភាព ប្រជាជនកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក កែវ រតនៈ នៅក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ នៅក្នុងការអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមួយកន្លែង នៅខេត្តកំពង់ធំ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ជុំវិញការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មិនថាវិស័យឧស្សាហកម្ម លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម និងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ រថយន្តអគ្គិសនី គឺគ្មានរងផលប៉ះពាល់នោះទេ ទាំងបរិមាណនៃការផ្គត់ផ្គត់អគ្គិសនី និងថ្លៃអគ្គិសនី ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើង ថ្លៃនេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា បញ្ហានេះដែលមិនរងការប៉ះពាល់នេះ ដោយសាររាជរដ្ឋាភិបាលមានអគ្គិសនីកម្ពុជាដែលាបង្អែក និងថាម- ពលភាគច្រើនបានយកចេញពីប្រភពនៅក្នុងប្រទេស។ លោកបន្តថា ចំពោះការមិនឡើងថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម កសិកម្ម លំនៅឋាន ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូននេះជាដើម ដោយរាជរដ្ឋាភិបាលបានចេញជួសអំពីការប៉ះពាល់ខ្លះៗ នៅក្នុងកំឡុងពេល ប្រេងឥន្ធនៈឡើងថ្លៃ ដែលការជួយជ្រោមជ្រែងនេះមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ ពាន់មេហ្កាវ៉ាត់ ក្នុងនោះថាមពលស្អាតមានចំនួន ប្រមាណជាង ៦៣% ដោយបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។ បញ្ហានេះបើតាមផែនការ កម្ពុជានឹងជំរុញថាមពលស្អាតយ៉ាងតិចដល់ ៧០% នៅត្រឹមឆ្នាំ២០៣០។ ចំណែកបណ្តាញបញ្ជូនអគ្គិសនី វិញ, គិតត្រឹមចុងឆ្នាំ២០២៥ បានកើនដល់ជាង ៤ ពាន់គីឡូម៉ែត្រ និងមានអនុស្ថានីយកើនដល់ ៧៥ (កើនចំនួន៥អនុស្ថានីយ) និង បច្ចុប្បន្នមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ អាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ទាំងចំនួន២៥ដោយផ្ទាល់៕

You might also like