អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ បានវិលត្រឡប់ទៅប៉ាគីស្ថានវិញមួយរយៈខ្លី ខណៈលោកTrumpថាភាគីនានាអាចនិយាយគ្នាតាមទូរស័ព្ទបាន

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដម្តងទៀតមួយរយៈខ្លីកាលពីថ្ងៃអាទិត្យ ខណៈថ្នាក់ដឹកនាំនយោបាយ និងយោធារបស់ប៉ាគីស្ថានបានប្រញាប់ប្រញាល់ចាប់ផ្តើមការចរចាបទឈប់បាញ់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រធានាធិបតី Donald Trump បាននិយាយថាពួកគេអាចនិយាយគ្នាតាមទូរស័ព្ទជំនួសវិញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា លោក Abbas Araghchi បានចាកចេញពីរដ្ឋធានីប៉ាគីស្ថានកាលពីយប់ថ្ងៃមុន ដោយបានបង្កើតភាពច្របូកច្របល់ជុំវិញការចរចាជុំទីពីរដែលរំពឹងទុកនៅទីនោះ ប៉ុន្តែលោកបានត្រឡប់មកវិញមុនពេលបន្តទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ។
លោកធ្លាប់បានទៅកាន់ប្រទេសអូម៉ង់ ដែលកន្លងមកជាអ្នកសម្របសម្រួលការចរចា ហើយនៅម្ខាងទៀតនៃច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។
សេតវិមានកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងបញ្ជូនបេសកកជនលោក Steve Witkoff និង លោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបន្តការចរចាដោយផ្ទាល់ជាប្រវត្តិសាស្ត្រនៅដើមខែនេះ។ ប៉ុន្តែភ្លាមៗបន្ទាប់ពីការចាកចេញរបស់លោក Araghchi កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា លោកបានលុបចោលបេសកកម្មនេះ ដោយសារតែខ្វះវឌ្ឍនភាពជាមួយអ៊ីរ៉ង់។
លោកTrump បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា ប្រសិនបើពួកគេចង់ ពួកលោកអាចនិយាយគ្នាបាន ប៉ុន្តែពួកលោកនឹងមិនបញ្ជូនមនុស្សទៅទេ។ លោកបាននិយាយមុននេះនៅលើបណ្ដាញសង្គមថា អ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែទូរស័ព្ទទៅរករូបលោកទៅបានហើយ។
មន្ត្រីប៉ាគីស្ថានពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាការចរចាដោយប្រយោលរវាងភាគីទាំងពីរកំពុងដំណើរការ៕

You might also like