កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត កងរាជអាវុធហត្ថក្រុងប៉ៅយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ នៅចំណុចអគារផ្ទះ៣ល្វែង កំពស់៣ជាន់ មាន ២២បន្ទប់ ដោយជាន់លើមានសម្ភារៈវត្ថុតាងប្រព្រឹត្តបទល្មើសតាមអនឡាញមួយចំនួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រមួយចំនួន (មិនទាន់រាប់) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមព័ត៌មានបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនបរទេសមួយចំនួន ក្នុងនោះក៏មានស្រ្តីផងដែរ។ បច្ចុប្បន្នជនបរទេសទាំងអស់នោះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តនីតិវីធី។ ដោយឡែកវត្ថុតាងកំពុងដំណើរការរាប់ចំនួន៕






