មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវរក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរបម្រើសេវាដល់អ្នកជំងឺ
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវកសាងវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរ ដើម្បីគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពរបស់អ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានណែនាំបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យ អន្តរជាតិ, នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យលើកឡើងទៀតថា ផ្សព្វផ្សាយជូនដល់គ្រប់កម្មវិធីទាំងអស់របស់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត ដែលយើងហៅថា កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលរៀបចំឡើងដោយគណៈគ្រូពេទ្យរាជធានី ខេត្ត ក្នុងគោលដៅបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ព្រោះថាយើងបានដឹងទាំងអស់គ្នាហើយ ក្នុងនាមយើងជាគ្រូពេទ្យត្រូវរៀនសូត្របន្តជានិច្ច។ សម្រាប់កម្មវិធីផ្សព្វផ្សាយនាពេលនេះ ក៏បានបញ្រ្ជាបការយល់ដឹងបន្ថែមជូនដល់និសិ្សត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ដែលជាធនធានមនុស្សក្នុងវិស័យសុខាភិបាល នៅពេលដែលបញ្ចប់ការសិក្សា ហើយនិសិ្សតទាំងអស់នេះក្លាយជាឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ឱសថការី ដើម្បីចេញទៅប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលបាន គឺចាំបាច់ត្រូវចុះបញ្ជិកា គណៈគ្រូពេទ្យ ឬក៏មានអាជ្ញាបណ្ណ ដែលត្រូវបានអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈស្របច្បាប់។
ឯកឧត្តមបញ្ជាក់ទៀតថា គណៈវិជ្ជាជីវៈសុខាភិបាល (Health Professional Councils) នៅកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាបាននូវ គុណភាព សុវត្ថិភាព និងសីលធម៌ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន កម្ពុជា មានគណៈវិជ្ជាជីវៈសុខាភិបាលចំនួន ០៥ ស្ថាប័ន រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈឆ្មប និងគណៈគិលានុបដ្ឋាក។ ហើយគណៈគ្រូពេទ្យជាតិនេះ គឺជាស្ថាប័ននិយ័តកម្ម។
ជាចុងក្រោយក្នុងនាមប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមសាស្រ្តាចារ្យសសូមណូមពរដល់ឯកឧត្តមសាស្រ្តាចារ្យ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ធ្វើកំណែទម្រង់លើមេរៀនឱ្យស្របតាមការរីកចម្រើន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល៕






