តំបន់សេដ្ឋកិច្ចពិសេស សានកូន ប៉ោយប៉ែត ចេញប្រកាសព័ត៌មានមិនពាក់ព័ន្ធបទល្មើស Scam Online ក្រោយកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការចុះបង្ក្រាបនៅក្បែរទីតាំងរបស់ខ្លួន

(បន្ទាយមានជ័យ)៖ តំបន់សេដ្ឋកិច្ចពិសេស សានកូន ប៉ោយប៉ែត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានចេញប្រកាសព័ត៌មានមិនពាក់ព័ន្ធបទល្មើស Scam Online ក្រោយកម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការចុះបង្ក្រាបនៅក្បែរទីតាំងរបស់ខ្លួន។

តំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែតសូមជម្រាបជូនដល់បណ្តាអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋឱ្យបានជ្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាន(ONLINESCAM)យ៉ាងខ្លាំងក្លានិងសកម្មដែលតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនិងចូលរួមយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់នូវសកម្មភាពនេះ។

ថ្មីៗនេះជាក់ស្តែងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មានការចុះបង្ក្រាបពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាន(ONLINESCAM)នៅទីតាំងអគារ១កន្លែងស្ថិតនៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលទីតាំងនេះស្ថិតនៅក្បែរនឹងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងខ្ញុំ។

យើងខ្ញុំសូមជម្រាបជូនដល់បណ្តាអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋឱ្យបានជ្រាបថាតំបន់សេដ្ឋកិច្ចពិសេសយើងមិនជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអនឡាន(ONLINESCAM)នេះឡើយ។

តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំជាតំបន់ឧស្សាហកម្មរោងចក្រមានច្បាប់អនុញ្ញាតិត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនានា។

ហេតុដូច្នេះយើងខ្ញុំស្នើសុំដល់បណ្តាអ្នកសារព័ត៌មានទាំងឡាយដែលបានចុះមកយកព័ត៌មានសូមប្រើប្រាស់ពាក្យពេចន៍ការសរសេរអត្ថបទព័ត៌មានការផ្សាយផ្ទាល់ការផ្ដិតយករូបភាពឬវីឌីអូនានាកុំឱ្យប៉ះពាល់ដល់តំបន់សេដ្ឋកិច្ចពិសេសរបស់យើងខ្ញុំ។

តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបណ្ដាអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋបានយល់ច្បាស់ហើយឈប់ភ័ន្តច្រឡំថាទីតាំងខាងលើដែលសមត្ថកិច្ចចុះបង្ក្រាបជាទីតាំងដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែតតទៅទៀត។

You might also like