កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញ ពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំង

ត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបនិងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី ២៤នាក់ ជនជាតិមីយ៉ាន់ម៉ា ស្រី ០៣នាក់ ជនជាតិវៀតណាម ១០នាក់ ស្រី ០៧នាក់ និងជនជាតិខ្មែរ ០៧នាក់ ស្រី ០៥នាក់ ផងដែរ ។
សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕

You might also like