កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តទទួលអំណោយពីសប្បុរសជន សម្រាប់នាំយកទៅចែកជូនបន្តដល់ វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នំា២០២៦នេះ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌ សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃ ខណៈអំណោយដែលបងប្អូនសប្បុរសជននានា បន្តផ្តល់ជូនដល់វីរកងទ័ពតាមរយៈកងពលតូចដឹក ជញ្ជូនលេខ៩៩នេះមានដូចជាទឹកសុទ្ធ ,នំបន្លែ, កាហ្វេ, ត្រីខ, ខ្ទឹមបារាំង, ខ្ទឹមនិងថវិកាមួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន បានថ្លែងថា សកម្មភាពដ៏សប្បុរសរបស់បងប្អូនប្រជាពលខ្មែរមកពីគ្រប់ទិសទីនាពេលនេះ គឺជាសក្ខីភាពនៃ ទឹកចិត្តសមរភូមិក្រោយ ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយវីរកងទ័ពជួរមុខជានិច្ច។ លោកឧត្តមសេនីយ៍បានលើកឡើងទៀត ថារាល់អំណោយ និងសម្ភារៈទាំងអស់កងពលនឹងនាំយកទៅចាត់ចែងប្រើប្រាស់ក្នុងអង្គភាព ជាពិសេសនឹងត្រូវនាំយកបន្តទៅចែកជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍បានបន្ថែមទៀតថា ការឧបត្ថម្ភនេះ មិនត្រឹមតែជាការជួយសម្រួលដល់ជីវភាពកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិផងដែរ៕






