កីឡាការិនីបាល់ទាត់លើតុ ៖ ការដណ្តើមមេដាយសំរឹទ្ធិក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី គឺលើសពីការរំពឹងទុក
កីឡាការិនីបាល់ទាត់លើតុកម្ពុជា ម៉ី ស្រីមាស បានបញ្ជាក់ថា ការដណ្តើមបានមេដាយសំរឹទ្ធិក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន គឺទទួលបានសមិទ្ធផល លើសពីការរំពឹងទុក និងមានមោទនភាព ដែលបាននាំមេដាយជូនជាតិមាតុភូមិ។
កីឡាការិនីរូបនេះបានបន្តថា មុននឹងឡើងមកដល់វគ្គដណ្តើមមេដាយ រូបខ្លួន និងដៃគូ ឈ្នះ៣ប្រកួត និងចាញ់១ប្រកួត ចុងក្រោយចាញ់ ក្រុមកីឡាការិនីកូរ៉េខាងជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាបទពិសោធន៍ថ្មីមួយ នាឳកាសការប្រកួតក្រោយ សម្រាប់អ្នកទាំង២នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងជាងមុនទៀត ដើម្បីសម្រេចក្តីស្រមៃ។
សូមជម្រាបថា ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ កម្ពុជាបានបញ្ជូន អត្តពលិក ប្រតិភូកីឡា ចំនួន៣២នាក់ លើ៤ ប្រភេទកីឡា ដូចជា ចំបាប់ ទ្រីយ៉ាត្លុង ជីជឺតស៊ូ និងបាល់ទាត់លើតុ។ ជាលិទ្ធផលកម្ពុជាដណ្តើមបានមេដាយ២គ្រឿង ក្នុងនោះប្រាក់១គ្រឿងដណ្តើមបានពីកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) និងមេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទកីឡាបាល់ទាត់លើតុវិញ្ញាសាគូនារី ដណ្តើមបានពី កីឡាការិនី ម៉ី ស្រីមាស និង កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី៕






