ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ៗមួយចំនួនជម្រាបជូនជនរួមជាតិ៖

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ៗមួយចំនួនជម្រាបជូនជនរួមជាតិ៖

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ជាការគួរឱ្យសោកស្តាយបំផុតចំពោះករណីផ្ទុះអាវុធដែលបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥លើក កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះមានការបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់។ ហេតុការណ៍នេះកើតឡើង ក្នុងខណៈពេលដែលក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ស្ថានការណ៍នៅក្រោយបទឈប់បាញ់ចូលជាធរមាន។

សកម្មភាពបែបនេះរបស់ភាគីថៃ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន ហើយកងកម្លាំងរបស់កម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ជូនថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ថៃរួចរាល់ហើយ។

គួររម្លឹកថា ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា តំបន់អូរភ្លុកដំរី ច្រកជ័យជំនះ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកងទ័ពថៃបន្តកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់រាយលួសបន្លា និងទូរកុងតឺន័រ និងស្ពានស្ទឹងមេទឹក ក្នុងខេត្តពោធិ៍សាត់ ដែលបានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ និងពិភពលោកទាំងមូល។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសទៅកាន់តំបន់ព្រំដែន ស្ថានទូតបរទេសប្រចាំកម្ពុជាដែលបានចូលរួម បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង និងពង្រឹងប្រសិទ្ធភាពនៃបទឈប់បាញ់។ ជាក់ស្តែងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ស្ថានទូតអង់គ្លេសនៅតែបន្តតាមដានយ៉ាងជាប់លាប់នូវស្ថានភាពនៅតាមព្រំដែន និងផលប៉ះពាល់ទៅលើសហគមន៍ក្នុងតំបន់។ ស្ថានទូតអង់គ្លេសបញ្ជាក់ថា បានចូលរួមក្នុងដំណើរទស្សនកិច្ចរបស់កងអនុពន្ធ័យោធាបរទេសនៅសប្តាហ៍នេះ ទៅកាន់ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពជាក់ស្តែង និងអនុញ្ញាតឱ្យយើងយល់កាន់តែច្បាស់អំពីផលប៉ះពាល់របស់វា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហការីនៅក្រសួងការពារជាតិ ដែលបានរៀបចំដំណើរទស្សនកិច្ចនេះ និងឆន្ទៈក្នុងការចែករំលែកទស្សនៈរបស់ពួកគេជាមួយសហគមន៍អន្តរជាតិ។

ចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានចាត់មន្ត្រីទីប្រឹក្សា និងជាអនុព័ន្ធយោធាមួយរូប និងប្រធានផ្នែកកិច្ចការនយោបាយមួយរូបឱ្យចូលរួមដំណើរទស្សនកិច្ចនេះ ក៏បានបង្ហោះសារដែរថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ។

នៅឯក្រៅប្រទេសឯណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារុយសាឡាម បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ដែលក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជាក៏បានជម្រាបជូនអង្គប្រជុំអំពីសារសំខាន់នៃការដោះស្រាយទំនាស់ដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ ក៏ដូចជាសារសំខាន់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរវាងរដ្ឋនិងរដ្ឋ។ ចំណុចទាំងអស់នេះពិតជាមានសារសំខាន់សម្រាប់តំបន់ និងពិភពលោកទាំងមូល ហើយក៏ជាជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

នៅក្នុងសារអបអរសាទរខួប ២៧ឆ្នាំនៃការចូលជាសមាជិកអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពស្ថិតស្ថិរយូរអង្វែងនៃគោលការណ៍គ្រឹះរបស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី, ការមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ បានធ្វើឱ្យប្រទេសសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងកសាងតំបន់មួយដែលកំណត់ដោយកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងទិដ្ឋភាពសាកលដែលមានការកើនឡើងភាពមិនប្រាកដប្រជា និងការរំលោភបំពាននាពេលបច្ចុប្បន្ន គោលការណ៍ទាំងនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់ថា ក្នុងនាមជាគ្រួសាររួមគ្នាមួយ យើងត្រូវតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ និងជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះ៕

សូមអរគុណ!

You might also like