ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញទិសដៅពង្រឹងការគ្រប់គ្រង និងអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ក្នុងកិច្ចប្រជុំប្រចាំខែមេសា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ថ្លែងណែនាំជូនអង្គប្រជុំ ក្រៅពីការងារកែទម្រង់រដ្ឋបាលសាធារណៈដែលបានអនុវត្តយ៉ាងសកម្ម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានណែនាំដល់សហការីទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាពចំនួន៣ លើមុខងារស្នូល រួមមានការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ការធានាអត្ថប្រយោជន៍ជូនមន្ត្រី និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទាក់ទងនឹង ការពង្រឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍ និងជំរុញការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំកែសម្រួល និងដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ការផ្តល់សេវារបស់ក្រសួងមុខងារសាធារណៈជូនដល់មន្ត្រី។ បន្ថែមពីនេះ ត្រូវបន្តសម្របសម្រួលរៀបចំឱ្យមានអភិក្រមការងារច្បាស់លាស់សម្រាប់អង្គភាពនៅតាមក្រសួង-ស្ថាប័ន ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រី ព្រមទាំងពង្រឹងកិច្ចការគោលនយោបាយមុខងារសាធារណៈផងដែរ។
លើការងារធានាអត្ថប្រយោជន៍ជូនមន្ត្រី លោក ហ៊ុន ម៉ានី បានណែនាំឱ្យធានានូវការបើកផ្តល់បៀវត្ស ជូនមន្ត្រីរាជការឱ្យបានទៀងទាត់ពេលវេលា។ ក្រសួងនឹងបន្តអនុវត្តការកែទម្រង់បៀវត្ស ដោយពិនិត្យលើទំហំសមស្របនៃចំនួនមន្ត្រី លទ្ធភាពទ្រទ្រង់នៃថវិកាជាតិ ផលិតភាពការងារ សមិទ្ធកម្មជាក់លាក់ និងគ្រប់គ្រងបម្រែបម្រួលស្ថានភាពរដ្ឋបាលមន្ត្រីឱ្យបានល្អប្រសើរ។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចង្អុលបង្ហាញឱ្យរៀបចំការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីឱ្យស្របតាមតម្រូវការការងារ និងជាពិសេសត្រូវសិក្សារៀបចំ «យន្តការដោះស្រាយវិវាទមន្ត្រី»។ យន្តការនេះត្រូវរៀបចំឡើងឱ្យមានភាពច្បាស់លាស់ អាចជឿទុកចិត្តបាន និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយរាល់វិវាទពាក់ព័ន្ធនឹងមន្ត្រី តាមរយៈអគ្គាធិការដ្ឋាន។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជំរុញឱ្យក្រុមការងារត្រូវបញ្ចប់ការរៀបចំសេចក្តីព្រាងផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានលើកិច្ចការមុខងារសាធារណៈ (ACCSM) និង ACCSM+3 សម្រាប់ឆ្នាំ២០២៦-២០៣០ រួមទាំងក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ការរៀបចំនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយមុនពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅដើមខែសីហា ខាងមុខនេះ៕

You might also like