រថយន្ត LEXUS ជាប់ចង្កូត បុកផ្ទុះគ្នា៣គ្រឿង និងជ្រុលទៅបុករបងមន្ទីរពេទ្យ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស
ខេត្តកណ្ដាល÷គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី៣០ មេសា ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មនុស្ស៣នាក់បានរងរបួសស្រាល និងរថយន្តចំនួន៣គ្រឿង រួមទាំងរបងមន្ទីរពេទ្យបានរងការខូចខាត បន្ទាប់ពីរថយន្តម៉ាក LEXUS ១គ្រឿងបានជួបបញ្ហាជាប់ចង្កូត រួចរេចង្កូតទៅបុកជាមួយរថយន្តម៉ាក KIA Visto និងបន្តទៅបុករថយន្តម៉ាក Toyota Prius ដែលចតទុកចោល ព្រមទាំងជ្រុលទៅបុករបងថ្មមន្ទីរពេទ្យសម្រាកព្យាបាលគគីរយ៉ាងពេញទំហឹង ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ភាគីរថយន្តបង្កម៉ាក LEXUS ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2P-9267 បើកបរដោយឈ្មោះ នួន ធារិទ្ធ (ប្រុស, ៥៧ឆ្នាំ) រួមដំណើរដោយឈ្មោះ នុត បូរិន (ស្រី, ៥៣ឆ្នាំ) និងឈ្មោះ រស់ សារឹម (ស្រី, ៧១ឆ្នាំ) ដែលអ្នកទាំងបីមានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកភាគីរងគ្រោះទី១ ជិះរថយន្តម៉ាក KIA Visto ពណ៌ លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2T-1585 បើកបរដោយឈ្មោះ ទ្រី សុខសាន្ត (ប្រុស, ៤០ឆ្នាំ) និងអ្នករួមដំណើរឈ្មោះម៉ាក ដាលីន (ប្រុស,២៧ឆ្នាំ)។ រីឯរថយន្តរងគ្រោះ ទី២ ម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1266 គឺត្រូវបានម្ចាស់ចតទុកចោលនៅលើការ៉ូឡាមុខមន្ទីរពេទ្យសម្រាកព្យាបាលគគីរ ។
មុនពេលកើតហេតុរថយន្តម៉ាក LEXUS បានធ្វើដំណើរពីទិសដៅរាជធានីភ្នំពេញឆ្ពោះទៅអ្នកលឿង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែជួបបញ្ហាជាប់ចង្កូត រួចក៏រេចង្កូតទៅបុកជាមួយរថយន្តម៉ាក KIA Visto ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាបណ្ដាលឲ្យខូចខាតផ្នែកខាងមុខ និងចំហៀង។ ភ្លាមៗនោះ រថយន្តម៉ាក LEXUS បានបន្តទៅបុករថយន្តម៉ាក Toyota Prius ដែលចតទុកចោលនៅចម្ងាយប្រហែល២០ម៉ែត្រពីផ្លូវជាតិបណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយ ហើយរថយន្តបង្កដដែលនេះក៏បានបន្តទៅបុករបងមន្ទីរពេទ្យសម្រាកព្យាបាលគគីរបណ្ដាលឲ្យបាក់របងថ្មប្រវែង៥ម៉ែត្រការ៉េថែមទៀត ។
ហេតុការណ៍នេះបណ្ដាល ឲ្យបុរសចំនួន៣នាក់រងរបួសស្រាល។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលរដ្ឋបាលគគីរបានចុះមកដល់ទីតាំងដើម្បីរង់ចាំផ្នែកជំនាញសណ្ដាប់ធ្នាប់មកវាស់វែង។ យ៉ាងណាមិញ ភាគីខាងរថយន្តបង្កបានសម្រេចយល់ ព្រមសងសំណងរាល់ការខូចខាតទៅដល់ភាគីរងគ្រោះពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់រឿងនេះផងដែរ ៕






