នគរបាលឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក LEXUS NX350 ចំនួន១នាក់ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង ពិនិត្យឃើញអត្រាជាតិអាល់កុល 0.92Mg/L បានបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកម៉ូតូ១នាក់ស្លាប់
ភ្នំពេញ៖ នាថ្ងៃទី១ ឧសភា ២០២៦ វេលាម៉ោង១នឹង៤០នាទីយប់អធ្រាត្រនៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា .VSP.2727 បើកបរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក CITI PLUS ពណ៌ក្រហម ផ្លាកលេខគ្មាន កំពុងធ្វើដំណើរលើផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច (ស្របទិសគ្នា) បុកជាប់ម៉ូតូនៅពីមុខរថយន្តអូសបន្តទៅបុកបង្គោលដងទង់ជាតិ(របស់វត្តវាលស្បូវបាក់អស់៣ដើម)នឹងបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង១ដើមទៀតទើបឈប់ទៅមុខមិនរួច ហើយក៏បង្កឲ្យមានអគ្គិភ័យឆាបឆេះរថយន្តកើតឡើងភ្លាមៗ តែម្តង ។បន្ទាប់មក មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចេញមកបាញ់ទឹកពន្លត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់១នាក់ ភេទប្រុស នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួនមានឈ្មោះវ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតមានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(មិនបានបង្ហាញបណ្ណ័បើកបរ)។
– សម្ភារៈខូចខាត៖ រថយន្ត១គ្រឿង(ឆេះអស់១កំណាត់មុខ) ម៉ូតូសណ្តោងរុឺម៉ក(ឆេះអស់១គ្រឿង) បាក់បង្គោលដងទង់ជាតិ៣ដើម នឹងបាក់បង្គោលស្លាកសញ្ញារបស់ចំណតរថយន្តក្រុងអស់១ដើម។
– មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន នឹងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល0.92Mg/L ។ អ្នកបើករថយន្តនេះ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕






