រុស្ស៊ីប្រើដ្រូនជាង ៤០០គ្រឿង វាយប្រហារលើអ៊ុយក្រែននៅពេលថ្ងៃ ខណៈអ៊ុយក្រែនវាយបកលើកំពង់ផែរុស្ស៊ីជាលើកទី៤
(អូដេសា)៖ កងកម្លាំងរុស្ស៊ីបានបង្ហោះយន្តហោះដ្រូនជាង ៤០០គ្រឿង ដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែននៅពេលថ្ងៃត្រង់នាថ្ងៃសុក្រនេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួសនៅក្នុងទីក្រុងទែណូពិល (Ternopil) ភាគខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៤០៩គ្រឿង ក្នុងចន្លោះម៉ោង ៨ព្រឹក ដល់ម៉ោង ៣:៣០នាទីរសៀល ក្នុងនោះ ៣៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ ឬធ្វើឱ្យបាត់បង់សមត្ថភាពនៅទូទាំងប្រទេស។ ការវាយប្រហារនេះបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀន ផ្ទះសម្បែង និងមជ្ឈមណ្ឌលលក់ទំនិញផងដែរ។ គួរបញ្ជាក់ថា នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលកាលពីមុនតែងតែវាយប្រហារនៅពេលយប់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បែរជាបង្កើនការវាយប្រហារនៅពេលថ្ងៃយ៉ាងខ្លាំងក្លាវិញ។
ជាការឆ្លើយតប ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើកំពង់ផែទូអាបសេ (Tuapse) ជាប់សមុទ្រខ្មៅរបស់រុស្ស៊ី ជាលើកទី៤ ក្នុងរយៈពេល ១៦ថ្ងៃចុងក្រោយនេះ។ ការវាយប្រហារផ្ទួនៗនេះ កំពុងបង្កឱ្យមានមហន្តរាយបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសារមានផ្សែងពុលខ្មៅងងឹត និងមានការធ្លាយប្រេងចូលទៅក្នុងសមុទ្រយ៉ាងសន្ធឹកសន្ធាប់ ដែលអាជ្ញាធររុស្ស៊ីកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍៕






