លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ។
អញ្ជើញចូលរួមដោយអារម្មណ៍សោកសង្រេង, លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរយុទ្ធជន ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ននិងអនាគតដូចជាការផ្តល់ជូននូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន ការគិតគូរអំពីមុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់វីរយុទ្ធជនជាដើម។ បន្ថែមពីការគិតគូរដល់ជីវភាពរបស់គ្រួសារវីរយុទ្ធជន រាជរដ្ឋាភិបាល ក៏បានរៀបចំជាផ្ទះបណ្តោះអាសន្នសម្រាប់ជនភៀសសឹកស្នាក់អាស្រ័យដោយមានគិតគូរអំពីមុខរបរចិញ្ចឹមជីវិត ហើយគ្រោងនឹងប្រគល់ជូនជនភៀសសឹកនៅពេលដែលគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយពីការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការការទូត៕
ខេត្តកំពង់ធំ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦






