ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។
ការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តត្បូងឃ្មុំ » នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ។
វេទិកាពិភាក្សានេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃ យ.គ.ក., ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណៈអភិបាលខេត្ត ស្រុក ឃុំ ភូមិនិងយុវជនក្នុងខេត្តត្បូងឃ្មុំ សរុបអ្នកចូលរួមប្រមាណ ចំនួន៣០០ រូប។
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីធ្វើការពង្រឹងនូវសតិអារម្មណ៍ទំនុកចិត្តជឿជាក់របស់យុវជន ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ និងផ្តល់នូវចំណេះដឹងបន្ថែមដល់យុវជន ដើម្បីបន្តផ្សព្វផ្សាយជូនដល់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃនាពេលកន្លងមកនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមានពីសំណាក់យុវជនក្នុងខេត្ត ប្រកបដោយស្មារតីស្នេហាជាតិនិងរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីគោលជំហរ និងការខិតខំប្រឹងប្រែងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ និងក្រោយពេលអនុវត្តបទឈប់បាញ់, ការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់លំនៅដ្ឋាននិងដីថ្លីរបស់ខ្លួន និងជំហរយ៉ាងម៉ុតម៉ាំរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវទឹកដីដែលត្រូវកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃនិងទាហ៊ានថៃដោយមិនមានការយល់ព្រមដោះដូរអ្វីមួយនោះទេ។
ក្នុងឱកាសឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអបរំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ហើយត្រូវរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
លើសពីនេះឯកឧត្តមបណ្ឌិត ក៏បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក ហើយត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក គាំទ្រលើកទឹកចិត្តស្មារតីការពារទឺកដី រួមកម្លាំងជុំវិញរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ជាងនេះទៀតឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន ហើយត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់, អុជអាល, លាភព័ណ៌, មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា និងមុតស្រួច៕
    
You might also like