កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើរដ្ឋបាលនៅអគារខុនដូរ Sky villa ក្នុងខណ្ឌ៧មករា តែគ្មានបទល្មើស Online Scams, រកឃើញជនបរទេស៤នាក់ស្នាក់នៅខុសច្បាប់ និង៣នាក់បំផ្លាញវត្ថុតាង
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះពិនិត្យធ្វើរដ្ឋបាលនៅខុនដូរ Sky villa (A&B&C) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
លទ្ធផលត្រួតពិនិត្យអាគារកម្ពស់៣៥ជាន់ បន្ទប់មានចំនួន២៧៧បន្ទប់ មានមនុស្សស្នាក់នៅចំនួន៣២១នាក់ ស្រីចំនួន១២៦នាក់ ស្មើនឹង១០សញ្ជាតិ។
ក្នុងនោះ បានត្រួតពិនិត្យរកឃើញជនបរទេសប្រព្រឹតបទល្មើសចំនួន៣នាក់ ជនជាតិចិន (បទល្មើសបំផ្លាញឯកសារ និងវត្ថុតាង) យកទៅការិយាបច្ចេកវិទ្យារាជធានីភ្នំពេញអនុវត្តបន្ត និងបានរកឃើញជនបរទេសចំនួន៤នាក់ អត់មានឯកសារចំនួន៣នាក់ និងហួសសុពលភាពចំនួន១នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដកហូតបាន Laptop ៤គ្រឿង និងទូរស័ព្ទដៃ៩គ្រឿង៕






