ជាង៧ថ្ងៃមកហើយ អ្នករត់ម៉ូតូកង់៣ បាត់ដំណឹងរកពុំទាន់ឃើញ ខណៈដែលក្រុមគ្រួសារបន្តស្វែងរកគ្រប់ច្រកល្ហកទាំងផ្លូវភ្លឺនិងផ្លូវងងឹត

ភ្នំពេញ ៖ ករណីបុរសជាអ្នករត់ម៉ូតូកង់បី ដែលបានបាត់ខ្លួន ហើយត្រូវបានក្រុមគ្រួសារស្វែងរកប្រទះឃើញម៉ូតូកង់បីត្រូវបានគេដុតកម្ទេចចោលនៅដីវាលមួយកន្លែងនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល១សប្តាហ៍ហើយ បាត់ដំណឹងសូន្យឈឹង ខណៈដែលក្រុមគ្រួសារបន្តស្វែងរកគ្រប់ច្រកល្ហកទាំងផ្លូវភ្លឺនិងផ្លូវងងឹត។

តាមក្រុមគ្រួសាររបស់អ្នករត់ម៉ូតូកង់បីរូបនោះបានឲ្យដឹងថា រហូតមកដល់វេលារសៀលថ្ងៃទី១ ខែឧសភាឆ្នាំ ២០២៦ នេះពុំទាន់ទទួលដំណឹងពីអ្នករត់ម៉ូតូកង់បីរូបនោះឡើយ។

ក្រុមគ្រួសារបានបន្តស្វែងរកគ្រប់ច្រកល្ហកទាំងនៅជុំវិញវាលដែលប្រទះឃើញម៉ូតូកង់ដែលគេដុតបំផ្លាញ ចោល និងរកទាំងផ្លូវងងឹត ដោយរកគ្រូពូកែៗមើលជាច្រើន ហើយគ្រូខ្លះថា មានគេឃុំគ្រងផ្លូវងងឹតមិនអោយមកផ្ទះវិញ និងខ្លៈទៀតថាអាចត្រូវបានគេសម្លាប់ពន្លិចក្នុងទឹកបាត់ហើយ។

ទោះបីជាយ៉ាងណាមានគេសង្ស័យថា ជនរងគ្រោះត្រូវបានគេសម្លាប់ ពន្លឹចទឹកនៅក្នុងស្រះមួយកន្លែងចម្ងាយប្រមាណ១គីឡូម៉ែត្រ កន្លែងប្រទះឃើញកង់៣ ត្រូវគេដុត។ការសង្ស័យបែបនេះមិនអាចយកជាការបាននោះទេ ព្រោះពុំមានតម្រុយណាមួយឡើយ។

តាមសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញម៉ូតូកង់បីដែលត្រូវបានគេដុតបំផ្លាញ ហើយក្រុមគ្រួសារមក ដាក់ពាក្យបណ្ដឹង សមត្ថកិច្ចបានស្វះស្វែងនិងស្រាវជ្រាវរកអ្នកម៉ូតូកង់បីរូបនោះពុំទាន់បានទទួលដំណឹងនៅឡើយទេ។ចំណែកប្រព័ន្ធទាក់ទង របស់អ្នករត់ម៉ូតូកង់៣បានបិទផ្តាច់សេវា។ គួរបញ្ជាក់ថាអ្នករត់កង់បីឈ្មោះថុន វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅបុរីចេនឡា ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញហើយបានបាត់ខ្លួននិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារបានស្វែងរកអ្នកសារព័ត៌មានផ្សព្វផ្សាយនិងឡាយពីដំណឹងដ៏សោកសៅនេះ។
ក្រុមគ្រួសារបានឲ្យដឹងថា បុរសជាអ្នករត់ម៉ូតូកង់បីរូបនោះបានបាត់ខ្លួននៅវេលាម៉ោង ប្រមាណ២រំលងអធ្រាត្រ ចូលថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ដោយពុំអាចទាក់ទងបាន ខណៈពេលដែលគាត់បានចេញទៅរត់ម៉ូតូកង់៣នៅពេលយប់ ប្រចាំនៅម្តុំផ្សារដីហុយ ។
តាមស្ត្រីជាប្រពន្ធបានអោយដឹង ថា “ទម្លាប់ប្ដី ទោះរវល់យ៉ាងណា ក៏គាត់ផ្ញើ Sticker តបវិញដែរ តែពេល នេះចូលមើលហើយស្ងាត់សូន្យ សង្ស័យថា អ្នកដែលកំពុងកាន់ទូរស័ព្ទនោះ មិនមែនជាប្ដីគាត ឡើយ”។ បន្ទាប់ពីបាត់ខ្លួនក្រុមគ្រួសារនិងសាច់ញាតិបងប្អូនក៏បានស្វែងរកហើយនៅវេលារសៀលថ្ងៃទី ២៤ខែមេសាក៍បានទទួលដំណឹងថា ម៉ូតូកង់បីមួយគ្រឿងត្រូវបានគេដុតកម្ទេចចោលក៏ចុះទៅមើលទើបដឹងថា ម៉ូតូកង់បីនោះជាម៉ូតូកង់បីរបស់ប្ដី តែសំណល់ខ្មោចម៉ូតូកង់៣បាន ម៉ាស៊ីន ដៃនិងកង់។
តាមនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សំណល់ ម៉ូតូកង់បី ដែលត្រូវគេដុតចោលនោះត្រូវបានអ្នកនេសាទប្រទះឃើញកាលពី វេលាម៉ោងប្រមាណជាង ៨ព្រឹក ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦នៅ ដីវាលមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះក្រោយមកនៅវេលារសៀលទើបទើបដឹងដំណឹងដល់ក្រុមគ្រួសាររួចមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យជួយរកប្ដីរបស់ខ្លួនដែលជាម្ចាស់កង់បី។រហូតមកដល់ថ្ងៃរយៈពេល៧ថ្ងៃមកហើយ អ្នករត់ម៉ូតូកង់៣នោះបានបាត់ដំណឹងរកពុំទាន់ឃើញនៅឡើយ៕

You might also like