មេដឹកនាំតៃវ៉ាន់ ទៅដល់ប្រទេសអេស្វាទីនី ក្រោយបន្ទោសចិនសម្រាប់ការលើកពេលទស្សនកិច្ច កាលពីខែមុន

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានទៅដល់ប្រទេសអេស្វាទីនីនៃទ្វីបអាហ្រ្វិក កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ពោលគឺ២សប្តាហ៍ បន្ទាប់ពីលោកត្រូវបានបង្ខំឱ្យលើកពេលទស្សនកិច្ចទៅកាន់ប្រទេសនេះ ក្រោយប្រទេសអាហ្រ្វិកដទៃទៀត បានរារាំងមិនឱ្យលោកធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិបានបន្ទោសថា គឺមកពីការដាក់សម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។

កាលពីខែមេសា លោក Lai បានបង្ខំចិត្តលើកពេលទស្សនកិច្ច ដើម្បីទៅចូលរួមខួបទី៤០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati III ដោយទីក្រុងតៃប៉ិបានអះអាងថា ប្រទេសដែនកោះអាហ្រ្វិកនៅមហាសមុទ្រឥណ្ឌា រួមមាន Seychelles, Mauritius និង Madagascar បានសម្រេចចិត្តឯកតោភាគីលុបចោលវិញ នូវការផ្តល់សិទ្ធិធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ សម្រាប់យន្តហោះរបស់លោក Lai ដោយសារតែមានការដាក់សម្ពាធពីចិន។

វាគឺជាលើកដំបូងបំផុត ដែលមេដឹកនាំតៃវ៉ាន់ បានលុបចោលទស្សនកិច្ចនៅបរទេស ដោយសារតែការរារាំងមិនឱ្យប្រើដែនអាកាស។ វាហាក់ដូចជាយុទ្ធសាស្រ្តថ្មីរបស់ចិន ដើម្បីទប់ស្កាត់ការធ្វើប្រាស្រ័យទាក់ទងរបស់កោះតៃវ៉ាន់ ជាមួយអន្តរជាតិ។ នៅលើគណនីបណ្តាញសង្គម លោក Lai បានឱ្យដឹងថា រូបលោកបានធ្វើដំណើរដល់អេស្វាទីនីកាលពីថ្ងៃសៅរ៍។ ទស្សនកិច្ចនេះ មិនត្រូវបានរដ្ឋាភិបាលនៃភាគីទាំងពីរ ប្រកាសឱ្យដឹងមុននោះទេ។ លោក Lai បានលើកឡើងថា «តៃវ៉ាន់នឹងគ្មានថ្ងៃចុះញ៉មសម្ពាធពីខាងក្រៅឡើយ។ ការប្តេជ្ញានិងការតាំងចិត្តរបស់យើង គឺឈរលើការយល់ដឹងច្បាស់ថា តៃវ៉ាន់នឹងបន្តធ្វើប្រាស្រ័យទាក់ទងជាមួយពិភពលោក ទោះប្រឈមឧបសគ្គបែបណាក៏ដោយ»។

យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា លោក Lai បានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែក្នុងរូបភាពដែលលោកបានបង្ហោះ គឺមេដឹកនាំតៃវ៉ាន់រូបនេះ ហាក់បានចុះពីលើយន្តហោះ មើលទៅគឺជាយន្តហោះរបស់រដ្ឋាភិបាលអេស្វាទីនីផ្ទាល់ ដែលក្នុងសប្តាហ៍នេះ បាននាំឧបនាយករដ្ឋមន្រ្តីអេស្វាទីនី លោកស្រី Thulisile Dladla មកកាន់ទីក្រុងតៃប៉ិ៕

You might also like