ល្បីរឿងផ្លែទុរេន ដាក់លក់នៅលក់ផ្សារភូពុយ ជិត១០តូប សង្ស័យ នាំចូលគ្មានប្រភព តែមន្រ្តីជំនាញបានចុះទៅពិនិត្យនិងសួរនាំអាជីវករ និងស្រាវជ្រាវបន្ត

(បាត់ដំបង)៖ ដោយមានការលេចឮព័ត៌មានពីមហាជន និងតាមបណ្តាញសង្គមកាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២៦ រួចមក ក្រុមមន្រ្តីសាខាការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម, នគរបាល និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យការដាក់តាំងលក់ផ្លែទុរេន ជាក់ស្តែងនៅល្ងាចថ្ងៃដដែល ចំនួន៧ទីតាំង និងធ្វើការសួរបឋម ជាមួយអាជីវករ៨នាក់ នៅក្នុងផ្សារភូពុយ។

បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។

ក្រោយសាកសួររួច មន្រ្តីជំនាញបានយកផ្លែទុរេនមួយចំនួន ដើម្បីផ្ញើទៅភ្នំពេញ នៅអគ្គនាយកដ្ឋាន ការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ធ្វើការពិសោធន៍រកសារធាតុគីមី ដោយប្រើរយ:ពេល៤ ទៅ៥ថ្ងៃ ទើបរកឃើញលទ្ធផលច្បាស់លាស់ ដើម្បីមានវិធានការ។

ដោយឡែក ផ្លែទុរេនទាំង៧ទីតាំងនៅក្នុងផ្សារ មន្រ្តីជំនាញបានប្រគល់ឲ្យម្ចាស់លក់ដូរ ជាធម្មតាវិញ ចៀសវាងការខូចខាតផ្លែទុរេនទាំងនោះ ស្អុយរលួយ ធ្វើឲ្យខាតបង់ប្រាក់ដល់ម្ចាស់ផ្លែ។

ដើម្បីបញ្ជាក់ឲ្យបានច្បាស់ អ្នកព័ត៌មានបានទំនាក់ទំនងតាមទូរសព្ទនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះទៅ លោក គឹម ប្រុស ប្រធាន ក.ក.ប ខេត្ត ដោយលោកពុំបានលើកទូរសព្ទសុំការបញ្ជាក់និងបំភ្លឺ ក្នុងនាមប្រធានសាខាជំនាញនោះទេ។

ចំណែកលោក គឹម ហួត ប្រធានមន្ទីរពាណិជកម្មខេត្តបាត់ដំបង បានបំភ្លឺ តាមទូរសព្ទថា តាមគោលការណ៍ច្បាប់ បើសិនមានករណី ក្លែងបន្លំ ពិនិត្យរកឃើញថា មានសារធាតុគីមីខុសច្បាប់ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាព អ្នកប្រើប្រាស់មែន ក្រសួង មន្ទីរជំនាញនិងវិធានការតាមច្បាប់។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារពាក់ព័ន្ធទាំងអស់បានចុះស៊ើបអង្កេត នៅតាមស្រុកនានា តាមជាយដែន ដើម្បីស្វែងរកការពិតនិងច្បាស់លាស់៕

You might also like