កងទ័ពអាមេរិក ២រូប បាត់ខ្លួនអំឡុងពេលធ្វើសមយុទ្ធយោធា African Lion នៅក្នុងប្រទេសម៉ារ៉ុក

(ម៉ារ៉ុក)៖ បញ្ជាការដ្ឋានអាហ្វ្រិករបស់សហរដ្ឋអាមេរិក (AFRICOM) បានឱ្យដឹងនាថ្ងៃអាទិត្យថា សមាជិកកងទ័ពអាមេរិកចំនួន ២រូប បានបាត់ខ្លួននៅក្បែរតំបន់ហ្វឹកហ្វឺន Cap Draa ក្នុងប្រទេសម៉ារ៉ុក (Morocco) អំឡុងពេលកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នា “African Lion 2026″។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បច្ចុប្បន្ន កងកម្លាំងសហរដ្ឋអាមេរិក ម៉ារ៉ុក និងដៃគូដទៃទៀត បានចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងសង្គ្រោះយ៉ាងសស្រាក់សស្រាំ តាមរយៈការប្រើប្រាស់មធ្យោបាយទាំងលើដី តាមអាកាស និងតាមផ្លូវសមុទ្រ។ យោងតាមសេចក្តីថ្លែងការណ៍របស់ AFRICOM ករណីបាត់ខ្លួននេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើងយ៉ាងសកម្ម។
គួរបញ្ជាក់ថា “African Lion” គឺជាសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំបំផុតរបស់បញ្ជាការដ្ឋានអាហ្វ្រិកអាមេរិក ដែលមានគោលបំណងពង្រឹងសមត្ថភាពធ្វើការងាររួមគ្នា រវាងកងទ័ពសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តណាតូ (NATO) និងបណ្ដាប្រទេសជាដៃគូនៅក្នុងទ្វីបអាហ្វ្រិក៕

You might also like