សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams ដែលជនបរទេសស្នាក់នៅខុសច្បាប់ ៣ទីតាំង នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៨៩នាក់ និងវត្ថុតាងមួយចំនួនធំ

(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានចុះត្រួតពិនិត្យជនបរទេសស្នាក់នៅប្រមូលផ្តុំ និងស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា (Online Scams) ចំនួន ៣ទីតាំង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨៩នាក់ និងវត្ថុតាងមួយចំនួនធំ។
សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ទីតាំងទី១ កាលពីនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២និង០០នាទី ក្រោមការបញ្ជាផ្ទាល់ដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង បានចាត់បញ្ជាឱ្យលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំសម្របសម្រួលនីតិវិធីជាមួយកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះត្រួតពិនិត្យផ្ទះវីឡាជួលស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីជនបរទេសស្នាក់នៅប្រមូលផ្តុំ និងស្នាក់នៅដោយខុសច្បាប់ និងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ វត្ថុតាងមួយចំនួនធំ។
*តាំងទី២ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៣និង៣០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តស្វាយរៀង កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះត្រួតពិនិត្យផ្ទះវីឡាជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ១២នាក់ និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះផ្ទះខាងលើ មានជាន់ផ្ទាល់ដីមាន១បន្ទប់ និងកន្លែងទទួលភ្ញៀវចំនួន១ ជាន់ទី១ មាន៥ បន្ទប់។
សមត្ថកិច្ចខេត្តស្វាយរៀងបានបញ្ជាក់ថា ចំពោះទីតាំងទី៣ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង៣០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការចុះត្រួតពិនិត្យទីតាំងបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យាឆនឡាញ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់ ជាជនជាតិវៀតណាម និងវត្ថុតាងមួយចំនួនធំ។ ក្នុងនោះផ្ទះខាងលើ មានចំនួន ១២បន្ទប់ជនសង្ស័យជាជនជាតិវៀតណាម ចំនួន ៦៧នាក់ (ស្រី ១៣នាក់)។
សមត្ថកិច្ចជំនាញបាននាំយកជនសង្ស័យ និងសម្ភារខាងលើយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ចំណែកឯទីតាំងបានសម្រេចបិទជាបណ្តោះសន្ន៕

You might also like