ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ប្រដាប់អាវុធ នៅការ៉ាសសាំង PTT ក្រុង

ប៉ោយប៉ែត ដែលជនល្មើសជិះរថយន្ដមកប្លន់, ជនដៃដល់ជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានចាប់ខ្លួន
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤៖១៧នាទីទាបភ្លឺ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យមួយក្រុម ជិះរថយន្ត១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាពយកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង។ សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយចំនួន១ ក្នុងនោះមានលុយសរុប ជិត៣០០០ដុល្លារ)។
ក្រោយពីមានហេតុការណ៍ខាងលើ កើតឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖
១៖ ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន
២៖ ឈ្មោះ ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ឃាត់ខ្លួនត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយ នៅចំណុចការ៉ាសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងតាមនីតិវីធី និងកំពុងស្រាវជ្រាវជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន៕

     

You might also like