ឯកឧត្តម ប្រាក់ សុខុន៖ ថៃសម្រេចបញ្ចប់ឬដកខ្លួនចេញពីMoU 2001 មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ខ្លួនឡើយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ — ថ្ងៃនេះគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ ពាក់ព័ន្ធការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ ។ អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់ រវាងប្រទេសទាំងពីរដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ នូវបញ្ហាត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

ក្នុងការធ្វើថ្លែងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ អនុម័តសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាចាត់ទុកការបញ្ចប់ឬការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១នេះគឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិដែល ពាក់ព័ន្ធការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង។

កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀតចំពោះការសម្រេចចិត្តនេះ។ ជាការឆ្លើយទៅនឹងការសម្រេចបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១នេះ កម្ពុជាមិនមានជម្រើសអីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រដែលបានសម្រេចនៅឆ្នាំ១៩៨២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ឬការដកខ្លួនចេញពី អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១នេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោម Unclos បញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកលើច្បាប់

You might also like