សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam s ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។
យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ជនត្រូវចោទទាំង១២នាក់នេះរួមាន៖
*ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម *ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
*ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ឆ្នាំ
*ទី៥ ឈ្មោះចឹង តានហ៊ុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
*ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម
*ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
*ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
*ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៥ កថាខណ្ឌ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។
ជាមួយច្បាប់នេះបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់ បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

You might also like