អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

ភ្នំពេញ៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៦ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយដុំថ្ម និងដែកទីបធ្វើសកម្មភាពដេញវាយ និងគប់គ្នាទៅវិញទៅមក នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់វេលាម៉ោងប្រហែល១៣និង០៩នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន ០២នាក់៖ ឈ្មោះ ឃាង កា ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ចាប សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចទីតាំងឃ្លាំងដាក់រថយន្តបូមលូខាងលើ ដែលក្មេងទំនើងទាំង០២នាក់សម្ងំលាក់ខ្លួន បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកវត្ថុតាងចាប់យក ៖ ១.ដែកទីបមូលចំនួន០១ដើម, ២.ដែកទីបជ្រុងចំនួន០៤ដើម, ៣.ដុំថ្មចំនួន០៣ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយកន្លងមកនៅចំណុចខាងលើពួកខ្លួន និងបក្ខពួកបានធ្វើសកម្មភាពយកដុំថ្ម និងដែកទីបគប់គ្នាចំនួន០៣លើករួចមកហើយ។
ក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

You might also like