សេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

នាពេលថ្មីៗកន្លងមកនេះមានគណនីហ្វេសប៊ុកមួយបានចុះផ្សាយថា“ជនជាតិចិនម្នាក់នេះឈ្មោះថាប៉ាសឹងមុខរបរជាវិស្វករនិងគូប្លង់សំណង់ឥឡូវមកឱ្យលោកចាងហ្វាងជួយផ្សាយព្រោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដកប៉ាស្ទ័រទុកគាត់រកស៊ីត្រឹមត្រូវខាងស្នងការឲ្យទៅបំភ្លឺថាឲ្យប៉ាស្ទ័រមកវិញតែគាត់មិនហ៊ានទៅព្រោះខ្លាចគេឃាត់ខ្លួនករណីនេះនៅខេត្តស្វាយរៀង”។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងមានកិត្តិយសសូមធ្វើការបំភ្លឺអំពីដំណើររឿងហេតុដូចខាងក្រោម៖

កាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះគួចម៉ីភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរតំណាងក្រុមហ៊ុនឡឺហ្នឹងតំបន់៤មានទីលំនៅបច្ចុប្បន្នភូមិថ្នល់កែងសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀងដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះWUWENQUANភេទប្រុសអាយុ៤២ឆ្នាំជនជាតិចិន,ឈ្មោះZHANGBANGSHENGភេទប្រុសអាយុ៤៤ឆ្នាំជនជាតិចិននិងគូកនពីបទចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់និងបទធ្វើឱ្យខូចខាតដោយចេតនាកាលពីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៦នៅបរិវេណកាស៊ីណូឡឺហ្នឹងតំបន់៤ស្ថិតក្នុងភូមិថ្នល់កែងសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀង។

ក្រោយពីទទួលបានពាក្យបណ្ដឹងនេះរួចមកនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៦កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានចុះទៅពិនិត្យអង្កេតស៊ើបសួរនិងប្រមែប្រមូលវត្ថុតាងដល់កន្លែងកើតហេតុឃើញថា៖ពិតជាមានសកម្មភាពហិង្សាកើតឡើងដូចក្នុងបណ្តឹងប្រាកដមែន។

ចំណែកឯជនសង្ស័យជាជនជាតិចិនដែលមានឈ្មោះនៅក្នុងបណ្តឹងនៃរឿងហេតុនេះត្រូវបានសមត្ថកិច្ចនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងកោះហៅទៅសួរនាំហើយជនជាតិចិនចំនួន០៩នាក់បានស្ម័គ្រចិត្តតម្កល់លិខិតឆ្លងដែនទុកនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដើម្បីធានាក្នុងការដោះស្រាយ។

រហូតមកដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦បន្ទាប់ពីទទួលបានព័ត៌មានថាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានដោះស្រាយចប់ហើយនោះសមត្ថកិច្ចនគរបាលក៏បានធ្វើរបាយការណ៍ស្នើសុំលិខិតឆ្លងដែនជនជាតិចិនទាំង០៩នាក់យកមកការិយាល័យជំនាញដើម្បីបន្តនីតិវិធីតាមបណ្តឹងរបស់ឈ្មោះគួចម៉ី។

ក្នុងពេលនោះក៏មានជនជាតិចិនដែលជាម្ចាស់លិខិតឆ្លងដែនចំនួន០៨នាក់បានចូលមកឆ្លើយបំភ្លឺជូនសមត្ថកិច្ចនគរបាលហើយសមត្ថកិច្ចនគរបាលក៏បានប្រគល់លិខិតឆ្លងដែនជូនសាមីខ្លួនវិញ។

ដោយឡែកនៅសល់លិខិតឆ្លងដែន០១ក្បាលទៀតជារបស់ឈ្មោះZHENGBANGSHENGគឺសាមីខ្លួនពុំទាន់បានចូលខ្លួនមកឆ្លើយបំភ្លឺជូនសមត្ថកិច្ចទេ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

ថ្ងៃអាទិត្យ៩រោចខែពិសាខឆ្នាំមមីអដ្ឋស័កព.ស.២៥៧០
ស្វាយរៀងថ្ងៃទី១០ខែឧសភាឆ្នាំ២០២៦
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

You might also like