ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព

នៅល្ងាចថ្ងៃទី៩ ខែឧសភា ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​អង្គ​ការសហប្រជាជាតិ នៅប្រទេសលីបង់ UNIFIL បានវិលត្រឡប់មក​ដល់​មាតុ​ប្រទេស​វិញ​ប្រកប​ដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរវិលត្រឡប់របស់កងនេះ បានពន្យាពេល និង​ខក​ជើង​ហោះហើរប្រមាណជិត ៣ខែ ដោយសារបញ្ហាវិបត្តិសង្គ្រាមអ៊ែរ៉ង់ អ៊ីស្រាអ៊ែល អាម៉េរិច ។
បើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាកងវិស្វកម្មពហុជំនាញលេខ៨៦៣ បាន​ថ្លែង​នៅ​ឯ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ ថ្លែងថា ជាក់ស្តែងនៅក្នុង​ដំណើរ​បំពេញ​បេស​ក​កម្ម​ថែរ​ក្សា​សន្តិភាព​អង្គ​ការសហប្រជាតិ នៅប្រទេសលីបង់រយៈពេល ១ឆ្នាំ គឺបានបញ្ចប់នៅខែមីនា ឆ្នាំ​២០២៦ ហើយនៅដំណើរបេសកកម្មនោះ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​យើ​ង​បាន​ធ្វើ​ការ​ងារ​ទទួល​បាន​ជោគ​ជ័យលើសមិទ្ធិផលការងារជាច្រើន ដូចជា ការសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ និង​ការដោះមីន កំទិចគ្រាប់អាវុធយុទ្ធភ័ណ្ឌ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអ៊ែល។
ឯកឧត្តម ឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ប្រមុខ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិមានការយកចិត្តទុកដាក់ និង​តាម​ដាន​សុខ​ទុក្ខ ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសក​កម្ម​រក្សា​សន្តិភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅប្រទេស​លីបង់។
ឯកឧត្តម បន្តថា នៅក្នុងដំណើរបំពេញបេសកកម្មនេះ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺបាន​បំពេញ​ទទួលបានជោគជ័យ និងបានប្រកាន់ខ្ជាប់នូវការគោរពតាមនីតិវិធីអង្គការសហប្រជាជាតិ គោរព​បទបញ្ជា និងវិន័យអង្គការបានល្អប្រសើរ និងទទួលបាន​ការ​កោត​សរសើរ​ច្រើន​មជ្ឈ​ដ្ឋាន​អន្តរជាតិ​។
ឯកឧត្តម សែម រតនា បានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងនាំគ្នាទៅ​ស្វែង​រក​ការព្យាបាលបន្ទាន់ ករណីមានរោគសញ្ញាជំងឺគ្រុនរើឡើងវិញ៕

You might also like