រកឃើញសាកសពជនជាតិសិង្ហបុរី ២នាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍បន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី

(ហ្សាកាតា)៖ អាជ្ញាធរសង្គ្រោះបន្ទាន់ឥណ្ឌូណេស៊ី បានបញ្ជាក់នាថ្ងៃអាទិត្យថា ជនជាតិសិង្ហបុរី ២នាក់ដែលបានបាត់ខ្លួនជាច្រើនថ្ងៃមកហើយនោះ ត្រូវបានរកឃើញថាស្លាប់បាត់បង់ជីវិតហើយ នៅក្នុងហេតុការណ៍បន្ទុះភ្នំភ្លើង ឌូកូណូ (Dukono) លើកោះហាល់ម៉ាហេរ៉ា (Halmahera)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្រុមសង្គ្រោះបានរកឃើញសាកសពនៅក្បែរមាត់រណ្ដៅភ្នំភ្លើង ប៉ុន្តែប្រតិបត្តិការជម្លៀសសាកសពកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែភ្នំភ្លើងនៅបន្តផ្ទុះ និងមានអាកាសធាតុអាក្រក់ រួមទាំងមានភ្លៀងធ្លាក់។ កងកម្លាំងប្រមាណ ១៥០នាក់ រួមជាមួយន្តហោះដ្រូនបំពាក់កាមេរ៉ាកម្ដៅចំនួន ២គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីបន្តការរុករក។
គួរបញ្ជាក់ថា​ ភ្នំភ្លើងឌូកូណូដែលស្ថិតក្នុងខេត្តម៉ាលូគូខាងជើង (North Maluku) បានចាប់ផ្ដើមផ្ទុះកាលពីថ្ងៃសុក្រ ដោយបានព្រួសផេះភ្នំភ្លើងកម្ពស់រហូតដល់ ១០គីឡូម៉ែត្រ និងបន្តផ្ទុះក្នុងកម្រិតទាបជាបន្តបន្ទាប់​ ខណៈទីភ្នាក់ងាររញ្ជួយដីឥណ្ឌូណេស៊ីនៅបន្តរក្សាកម្រិតប្រកាសអាសន្នទីបី និងហាមឃាត់រាល់សកម្មភាពទាំងអស់ក្នុងរង្វង់ ៤គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង៕

You might also like